កំពង់ធំៈ ប្រជាកសិករមកពីខេត្តសៀមរាប និងខេត្តកំពង់ធំ នាំគ្នាសប្បាយចិត្តដោយសារតែ ផលស្រូវរបស់គាត់មានទីផ្សារចាំប្រមូលទិញរាប់ម៉ឺនតោន និងអស់ក្តីព្រួយបារម្ភណ៍ ពីការដឹកជញ្ជូនទៅលក់នៅទីឆ្ងាយ ដែលនាំឲ្យបាតបង់ ពេលវេលា ថែមទាំងតំលៃថោក តែពេលនេះមានក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានប្រមូលទិញស្រូវគ្រប់ប្រភេទ ដើម្បី ដាក់ចូលរោងចក្រសម្ងួតហើយផលិតជាអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានគិតគូត ពីជីវភាព និងការប្រកបមុខរបរ របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលជាអ្នកផលិតស្រូវ តំម្រូវឲ្យ មានទីផ្សារសម្រាប់ប្រមូលទិញផលស្រូវពីប្រជាពលរដ្ឋ ទើបឯកឧត្តមអភិបាលខេត្តកំពង់ធំ និងឯកឧត្តម គង់ វិមាន អភិបាលរង បានគៀងគរអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសដើម្បីមកអភិវឍ្ឍន៍ក្នុងខេត្តកំពង់ធំ ខណៈពេលដែលខេត្តកំពង់ធំកំពុងតែមានសក្កានុពលក្នុងការបើទ្វារស្វាគមន៍អ្នកធុរៈកិច្ចមកវិនិយោគដើម្បីអភិវឌ្ឍន៍។
ជាក់ស្តែងមានក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានបណ្តាក់ទុនជាង២០លានដុល្លា បានចូលរួមអភិវឌ្ឍន៍នៅ ក្នុងភូមិសាស្ត្រកែងគោល ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងការផលិតពូជស្រូវសម្រាប់ចែក ជូនប្រជាកសិករ និងប្រេង ព្រមទាំងជីសម្រាប់ឲ្យប្រជាពលរដ្ឋ នាំយកទៅធ្វើការដាំដុះដំណាំស្រូវ ហើយក្រុម ហ៊ុន និងប្រមូលទិញផលស្រូវពីប្រជាកសិករមកវិញ ក្នុងតំម្លៃទីផ្សារ មិនតែប៉ុណ្ណោះក្រុមហ៊ុនមានសក្កានុពល យ៉ាងខ្លាំងក្នុងការផលិតពូជ ចាប់តាំងពីរៀបចំដីក្នុងទំហំជាង១៥០០ហិចតា ទាំងដាំ ច្រូត រហូតប្រមូលផល និងត្រៀមនាំចេញទីផ្សារអន្តរជាតិ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនាំអង្ករចេញ១លានតោន ក្នុងមួយឆ្នាំ ។
លោកមេការក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦ថា ក្រុមហ៊ុនបានសាងសង់រោងចក្រសម្ងួតស្រូវលើ ផ្ទៃដី២ហិចតាស្មើរនឹង២ម៉ឺនម៉ែត្រការ៉េ ហើយក្នុងនោះមានម៉ាស៊ីនសម្ងួតចំនួន១២គ្រឿង ក្នុងនោះអាចសម្ងួតស្រូវចាប់ពី ២៥០ទៅ ៣០០តោនក្នុងមួយថ្ងៃ ក្នុងនោះក្រុមហ៊ុនបានកំពុងតែសាងសង់ម៉ាស៊ីនចំនួន១២គ្រឿង បន្ថែមទៀតដើម្បីឲ្យទាន់ក្នុងការរក្សាគុណភាពស្រូវ តែបច្ចុប្បន្ន ក្រុមហ៊ុនបានទិញស្រូវមកសម្ងួតបានជាង ២ម៉ឺនតោនហើយ សម្រាប់ត្រៀមដឹកជញ្ជូនចូលរោងម៉ាស៊ីនកិនស្រូវ ដែលមានស្តង់ដាអន្តរជាតិ។
ប្រជាពលរដ្ឋជាច្រើន បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងក្រុមហ៊ុន លីម ប៊ុនណ្ណា ដែលបានអភិវឌ្ឍន៍ស្រុកស្ទោង រកទីផ្សារស្រូវ សង់រោងចក្រ និងជួយដល់ប្រជាពលរដ្ឋជាច្រើន ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ថែមទាំងបានធ្វើឲ្យប្រជាពលរដ្ឋទីនេះមានការងារធ្វើ មិនបាច់ចំណាក់ស្រុកព្រាត ប្រពន្ឋកូនទៀត។
ដោយ ប៊ុន រដ្ឋា




































