ភ្នំពេញៈ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន សំអន សមាជិកគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដឹកនាំមន្ត្រីដឹកនាំ គណប្រតិភូ ខេត្ត ស្វាយរៀង អញ្ចើញគោរពវិញ្ញាណក្ខ័ន្ធ សព ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាសបួន ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ត្រូវនឹថ្ងៃ៩កើតខែបុស្សឆ្នាំមមែ សពស័ក ព.ស ២៥៥៩ វេលាម៉ោង ២:៣០ រសៀលក្នុងជន្មាយុ ៧៣ ឆ្នាំដោយរោគាពាធ។
ក្នុងពិធីបុណ្យសព ឯកឧត្តម ញ៉ឹក ហួន លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំសោកស្ដាយជាទីបំផុត ជាមួយ លោកជំទាវ ហ៊ុន សារិន ត្រូវជាភរិយា កូន កូនប្រសារ និងចៅ របស់ សព ឯកឧត្តម ញ៉ឹក ហួន ។
សូមបញ្ចាក់ថា នៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ធ្វើពិធីដង្ហែ សព ឯកឧត្តម ញ៉ឹក ហួន ទៅកាន់ឈាបនដ្ឋានវត្តបទុវត្តី ដើម្បីធ្វើឈាបនកិច្ច និមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណខន្ធជាលើកចុងក្រោយចុងក្រោយ ។ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នោះសម្តេចបានសរសេរនៅលើទព័រហ្វេសប៊ុកដោយលើកឡើងពីជីវប្រវត្តិរបស់ ឯកឧត្តម នាយឧត្តមសេនីយញឹក ហួន ថាជាយុទ្ធមិត្ត ដែលបានស្រឡាញ់អាយុជីវិតរបស់សម្តេច ជាងអាយុជីវិតរបស់ខ្លួនទៅទៀតទាំងនៅក្នុងសមរភូមិតស៊ូរំដោះជាតិ និងពេលបច្ចុប្បន្ន។ ឯកឧត្តម ញឹក ហួន ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយក្តីតែមិនបានគិតពីស្ថានភាពជំងឺ ដែលឆក់យកជីវិតនោះទេនៅតែផ្តាំមិត្តភក្តិរួមអាវុធទាំងអស់ឲ្យ ការពារសម្តេចតេជោ ហ៊ុន សែនជាប់ជានិច្ច។
សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា នៅយប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៦ពេលឆ្លងដើរកាត់ចំការមីនជាប់ព្រំដែនកម្ពុជា-វៀតណាម ឯកឧត្តម ញឹក ហួន បានរាវរកនិងដោះមីន មុននឹងឱ្យសម្តេចដើរមួយជំហ៊ានម្តងៗ។ នៅពេលនោះ ឯកឧត្តម ញឹក ហួនបាននិយាយថា បើឯកឧត្តម ស្លាប់ ក៏ស្លាប់ចុះ ឱ្យតែសម្តេចតេជោ ហ៊ុន សែននៅរស់ដឹកនាំការតស៊ូរំដោះជាតិ៕




































