ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង២ពាននាក់ ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ នៅបរិវេណវត្តហ្លួង នាព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៦ ក្នុងឱកាសនោះ ក៏មានការចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ និង មន្ត្រីសាលាក្រុងជាច្រើននាក់ផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ របស់លោក សំរិទ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ នោះរួចមក ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ៖ អត្ថន័យថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះប្រជាជាតិ ឲ្យរស់ឡើងវិញ និង បានស្ថិតស្ថេរគង់វង្ស រីកចម្រើនដល់បច្ចុប្បន្ន ។
ឯកឧត្តមបានបន្តថា បើគ្មានរដ្ឋប្រហា ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ទេ ក៏គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ បើគ្មានរបបប្រល័យពូជសាសន៍ ក៏គ្មានថ្ងៃជ័យជម្នះ ៧ មករា ហើយបើគ្មានថ្ងៃ ៧ មករា ១៩៧៩នោះ ក៏គ្មានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះឡើយ ព្រោះថា ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ។ មានតែអ្នកស្រលាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងថ្ងៃ ៧ មករា ។ មកដល់ពេលនេះ ទោះបីនៅមានក្រុមអ្នកនយោបាយ និង មជ្ឈដ្ឋានអគតិមួយចំនួន នៅតែព្យាយាម មូលបង្កាចតឈប់ឈរ នូវអត្ថន័យជាប្រវត្តិសាស្ត្រ នៃថ្ងៃ ៧ មករា ។
ឯកឧត្តម បានលើកឡើងផងដែរ អំពីការវិវត្តន៍ ដ៏ល្អនៃសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង សមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានសម្រេចរួចមកហើយ អំពីការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុក ម្តាយបង្កើត និង កូនបង្កើត រវាងប្តី ប្រពន្ធ និង រវាងជីដូនជីតា និង ចៅបង្កើត ព្រមទាំងឲ្យរួចពន្ធម៉ូតូ ១២៥CC ចុះក្រោមថែមទៀត ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ រាជរដ្ឋាភិបាល បានជូនជាចំណងដៃ ដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នូវផ្លូវលេខ ៥៥ ប្រវែងជាង ១៨៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទីរួមខេត្តពោធិ៍សាត់ ទៅដល់ខេត្តត្រាតប្រទេសថៃ និង ទំនប់អាងស្ទាក់ទឹក ២ កន្លែងនៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប និង ទំនប់បស្ទាក់ទឹក ២កន្លែងទៀត គឺទំនប់ដំណាក់អំពិល និង ទំនប់ចារឹក ។ ចំពោះតម្លៃភ្លើងអគ្គីសនី ចាប់ពីខែ មេសា ឆ្នាំ ២០១៦ សម្រាប់ខេត្តយើងត្រឹមតែ ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង និង នៅមានចុះតម្លៃបន្តបន្ទាប់ទៀតជារៀងរាល់ឆ្នាំ និង ខិតខំបន្តបណ្តាញអគ្គីសនីឱ្យបានគ្រប់ ឃុំ ភូមិ ទាំងអស់ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ ហើយសង្ឃឹមថា នៃផ្ទះប្រជាពលរដ្ឋយើងទូទាំងខេត្ត នឹងមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ ។ ពាក់ព័ន្ធទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព និង ច្បាប់ចរាចរណ៍ផ្លូវគោក ឯកឧត្តម បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និង ប្រជាការពារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសន្តិសុខ និង ចូលរួមលុបបំបាត់ ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ព្រមទាំងរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត ។
នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាង២ពាន់នាក់ នៅក្នុងសង្កាត់លលកសនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុអនុស្សាវរីយ៍ ជាសារុងម្នាក់មួយ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម និង លោកជំទាវ ផងដែរ ៕



































