ខេត្តកំពង់ឆ្នាំង៖ « អនុវត្តគម្រោងកម្មវិធីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយថ្នាក់សហគមន៍ នៅថ្ងៃនេះ ជំនួយឧបត្ថម្ភរបស់កាកបាទហ្វាំងឡង់ តាមរយះកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តបាននាំអំណោយនូវម៉ាស៊ីបូមទឹកចំនួន១០គ្រឿង និងមេក្រូ៨ឈុត ដែលមានទឹកប្រាក់ស្មើនិង ១៤.៩៦៧ដុល្លា ចែកជូនដល់ភូមិគោលដៅចំនួន៧ក្នុងឃុំស្វាយជ្រុំ ដើម្បីជាប្រយោជន៍នៅក្នុងសហគមន៍ » លោក ប្រាក់ សោភណ័ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីខាងលើនេះ នៅសាលាឧទម្ពរ ក្នុងភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
លោក ប្រាក់ សោភ័ណ បានអោយដឹងទៀតថា៖ ការអនុវត្តកម្មវិធីកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយថ្នាក់សហគមន៍ ត្រូវបានជ្រើសរើសភូមិ៧ ក្នុងចំណោមភូមិទាំង១២ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាតំបន់គោលដៅរបស់កម្មវិធី ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានានៅក្នុងតំបន់ចាប់ពីឆ្នាំ២០១៥ ដល់២០១៨ ទើបបញ្ចប់គម្រោង។
នៅក្នុងកម្មវិធីនេះមានការចូលរួមពីលោកមេភូមិទាំង៧ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋចំនួន១៤៥នាក់។ចំណែកភូមិគោលដៅទាំង៧នេះរួមមាន៖ ១.ភូមិឧទម្ពរ ២.ភូមិសិឡាង ៣.ភូមិថ្មកែវ ៤.ភូមិក្នុង ៥.ភូមិស្វាយចេក ៦.ភូមិក្រាំងប្រស្វាយ និង៧.ភូមិស្វាយជ្រុំចាស់។ ដោយក្នុង១ភូមិៗទទួលបាន មេក្រូមួយឈុតមានសម្ភារៈមួយកំប្លេ និងម៉ាស៊ីនបូមទឹក១គ្រឿង បូកនិងសម្ភារៈមួយកំប្លេ ដោយឡែកភូមិឧទម្ពរ និងភូមិក្រាំងប្រស្វាយ ទទួលបានម៉ាស៊ីនបូមទឹក២គ្រឿង ដោយសារមានទំហំដីស្រែប្រាំងច្រើន។ ចំ ពោះម៉ាស៊ីន១គ្រឿងទៀតទុកចល័ត និងមេក្រូ១គ្រឿងឧបត្ថម្ភដល់ វិទ្យាល័យហ៊ុនសែនរលាប្អៀរត្បូង។

ឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមជាអធិបតី នៅក្នុងកម្មវិធីនេះបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា៖ ការអនុវត្តគម្រោងកម្មវិធីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយថ្នាក់សហគមន៍ខាងលើនេះ ក៏ជាផែនការកាត់បន្ថយភាពក្រីក្រមួយដែរជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល ។ដោយឯកឧត្តមបានបញ្ជាក់ថា៖ ការបង្រៀនអោយចេះចាប់ត្រី ប្រសើរជាងការអោយត្រីហូប មានន័យថាការចែកម៉ាស៊ីនបូមទឹកជួយធ្វើស្រែជូនប្រជាពលរដ្ឋអោយទទួលបានផលល្អ គឺប្រសើរជាងប្រជាពលរដ្ឋអត់ឃ្លាន យើងនាំគ្នាយកអំណោយទៅចែកជូនពួកគាត់។
ឯកឧត្តមបានផ្តាំផ្ញើដល់ លោកមេភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវរួមគ្នាថែទាំសម្ភារៈដែលបានចែកអោយ បានប្រើប្រាស់យូរអង្វែង។ ចំពោះមេក្រូអាចប្រើប្រាស់ ជួយក្នុងពេលមានបុណ្យទាននៅក្នុងសហគមន៍បាន និងត្រូវយកចិត្តដាក់ស្តាប់ព័ត៌មាន អោយបានដឹងអំពីការប្រែប្រួលអាកាសធាតុពេលណាមានភ្លៀង មានខ្យល់ព្យុះ និងមានភាពរាំងស្ងួត ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងភូមិបានយល់ដឹង និងចូលរួមទប់ស្កាត់កុំអោយមានគ្រោះថ្នាក់ដល់កូនចៅយើង។ ទន្ទឹមនេះដែលត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ទប់ស្កាត់គ្រោះអគ្គីភ័យ ដែលត្រូវយល់ដឹងថា គ្រោះថ្នាក់ទាំងអស់គឺផ្តើមមកពីការធ្វេលប្រហែស និងរឿងខ្វះការប្រុងប្រយត្ន័របស់យើង៕



































