ខេត្តកំពង់ឆ្នាំង៖ « បុណ្យដារលានជាបុណ្យប្រពៃណីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលយើងធ្វើឡើងដើម្បីរំលឹកគុណ ស្រូវគឺជាព្រះមេ ចិញ្ចឹមជិវិតមនុស្សសត្វ រំលឹកគុណដល់ព្រះធរណី ព្រះភិរុណ និងដូនតា ដែលបានខិតខំកាប់គាស់ដី និងបង្រៀនអោយកូនចៅចេះធ្វើស្រែចំការចិញ្ចឹមជីវិតយើងដល់សព្វថ្ងៃនេះ » ឯកឧត្តមអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងបែបនេះ ក្នុងពិធីបុណ្យដារលានថ្នាក់ជាតិនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 
ឯកឧត្តម បានបញ្ជាក់អោយដឹងទៀតថា៖ បុណ្យដារលាននេះ ប្រជាកសិករខ្មែរនិយមធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់មូលដ្ឋាន ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា ក្រោយពេលច្រូតកាត់បោកបែនប្រមូលផលស្រូវទុកដាក់ក្នុងជង្រុកអស់ហើយ នឹងបានជួបជុំគ្នាក្នុងភូមិស្រុកផ្លាស់ប្តូរយកបទពិសោធល្អៗ ពីគ្នាទៅវិញទៅមក ក្នុងការធ្វើស្រែចំការឆ្នាំក្រោយៗ អោយទទួលបានទិន្នផលល្អថែមទៀត ហើយនៅក្នុងពិធីបុណ្យនេះ ប្រជាកសិករយើងក៏បានជួបជុំគ្នាក្នុងភូមិស្រុករាំវង់កំសាន្តសប្បាយរីករាយផងដែរ។
ឯកឧត្តមបានរំលឹកឡើងវិញថា៖ អ្នកដែលមិនធ្លាប់អត់បាយ មិនដឹងថាបាយមានតម្លៃប៉ុណ្ណាឡើយរឿងនេះអ្នកដែលបានឆ្លងកាត់របប ប៉ុល ពត ទើបដឹងនិងយល់ ពេលធ្វើស្រូវអង្ករបានគេមិនអោយយើងហូបបាយ ធ្វើអោយប្រជាជនខ្មែរនៅក្នុងសម័យនោះឈឺស្លាប់ដោយសារអត់បាយរាប់លាននាក់។ នៅក្នុងពិធីបុណ្យដារលានថ្នាក់ជាតិនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេ សាទក៏បានធ្វើផ្តាំផ្ញើដល់ មន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងប្រជាកសិករយើង ត្រូវនាំគ្នារក្សាប្រពៃណីបុណ្យដារលានរបស់ជាតិនេះអោយបានគង់វង្ស និងដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធល្អៗ ពីរបៀបធ្វើតាមបែបបុរាណ មកធ្វើស្រែតាមបែបសម័យទំនើប ដូចជាត្រូវធ្វើស្រែតាមក្បូនខ្នាតប្រពលវប្បកម្ម ជ្រើសរើសពូជតាមប្រភេទជី ការកែលំអរដីកសិកម្ម និងការយកចិត្តទុកផ្គង់ផ្គង់ទឹកអោយបានគ្រប់គ្រាន់ ដើម្បីអោយប្រជាកសិករយើងធ្វើស្រែនៅគ្រប់រដូវទទួលបានទិន្នផលខ្ពស់។
ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានរាយការណ៍អោយដឹងថា៖ នៅក្នុងឆ្នាំ២០១៥ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រែវស្សាបាន ១២២.៥៨១ហិកតា , ខូចដោយគ្រោះរាំងស្ងួតអស់៩៨ហិកតា , ប្រមូលផលស្រូវសរុបបាន ៣៤៧.១៥៣តោន ដែលគិតជាមធ្យមក្នុង១ហិកតាទទួលបា នផល ២,៨៣៤តោន។ ធ្វើស្រែប្រាំងឆ្នាំ២០១៥ , ២០១៦ បាន៣៤.១២៥ហិកតា លើផែនការ២៧.០០០ហិកតា ស្មើនិង១១៤,០៩ភាគរយ , ដាំដំណាំស្បៀង និងដំណាំឧស្សាហកម្មរយះពេលខ្លីបាន ៧.២៧៤ហិក តា ស្មើនិង ៨០,៨២ភាគរយ នៃផែនការ ៩.០០០ហិកតា។ 
តុល្យភាពស្បៀងសំរាប់ឆ្នាំ២០១៦ ធ្វើស្រូវវស្សា និងស្រូវប្រាំងបាន ៤៩៨.៩១៦តោន , ទុកពូជ ៦៤.៨៥៩តោន , ស្រូវនៅសល់សំរាប់ស្បៀង ៤៣៤.០៥៧តោន , សរុបស្បៀងគិតជាអង្ករ(អត្រា៦៤%) ២៧៧.៧៩៦តោន , ប្រជាពលរដ្ឋក្នុងខេត្តសរុបមានចំនួន ៥៥៦.៧៤៨នាក់ , តម្រូវការស្បៀងគិតជាអង្ករ(១៤៣គីឡូ១ឆ្នាំក្នុង១នាក់) អស់ ៧៩.៦១៥តោន , នៅសល់ស្បៀងគិតជាអង្ករ ១៩៨.១៨២តោន , នៅសល់ស្បៀងគិតជាស្រូវ ៣០៩.៦៥៩តោន។
នៅក្នុងពីធីនេះឯកឧត្តមរដ្ឋមន្ត្រី រដ្ឋលេខាធិការ លោកលោកស្រី នៅក្នុងក្រសួងកសិកម្ម អាជ្ញាធរស្រុកខេត្ត និងប្រជាពលរដ្ឋក៏បានចូលរួមដុតធូបសែនព្រែនដល់អ្នកតាម្ចាស់ដីសុំសេចក្តីសុខនិងដង្ហែស្រូវ ពូនភ្នំស្រូវ ទៅតាមប្រណៃណីនេះបុណ្យដារលាននេះ និងបានចូលរួមបោកស្រូវ បុកអំបុក ពិនិត្យភោគផលកសិកម្ម និងរាំលេងកំសាន្តជាមួយប្រជាកសិករយ៉ាងសប្បាយរីករាយផងដែរ៕




































