ភ្នំពេញៈ សមិទ្ឋផលនានានៅទូទាំងប្រទេសកម្ពុជា បាននឹងកំពុងតែមានការរីកចំរើនអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារតែការខិតខំប្រឹងប្រែង និងដឹកនាំដ៏ត្រឹមត្រូរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសវិស័យពុទ្ឋចក្រ
សមិទ្ឋផលនានានៅទូទាំងប្រទេសកម្ពុជា បាននឹងកំពុងតែមានការរីកចំរើនអភិវឌ្ឍជាបន្តបន្ទាប់ ដែលទាំងនេះគឺដោយសារតែការខិតខំប្រឹងប្រែង និងដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសផ្នែកវិស័យពុទ្ឋចក្រ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធសមិទ្ឋផលនានាជាច្រើនដែលទើបតែកសាងរួច នៅក្នុងបរិវេណវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត និងដោយមានការអមដំណើរដោយសមាជិកសមាជិការព្រឹទ្ឋសភា រួមជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមរបាយការណ៍របាយការណ៍របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអោយដឹងថា វត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែតនេះ បានកសាងឡើងកាលពីឆ្នាំ១៩៤៥ ហើយបានបិទទ្វារវិញក្នុងរបបប៉ុលពត ។ ឯកឧត្តមបានបន្តថា៖ចាប់ពីឆ្នាំ១៩៨០មកដល់សព្វថ្ងៃនេះ វត្តសំរោងអណ្តែតកសាងបាននូវសមិទ្ធផលនានាជាច្រើន ពិសេសភាពរីកចំរើនយ៉ាងឆាប់រហ័សនៃទីអារាមនេះ តាមរយៈសមិទ្ធផលធំៗជាច្រើនដូចជា ព្រះវិហារថ្មីកុដិតូចធំ សាលាធម្មវិន័យ សាលាពុទ្ធិកសិក្សា និងការរៀបចំទីធ្លាបរិវេណវត្តបានយ៉ាងល្អប្រសើរ គួរជាទីស្ងប់សុខសម្រាប់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកជនខ្មែរ ។សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា
ទាំងមូល រួមរស់នៅក្នុងសុខសន្តិភាព ស្ថេរភាព វិបុលភាព និងចម្រុងចម្រើន តាមរយៈការអភិវឌ្ឍន៏ឥតឈប់ឈរជាពិសេសលើកកំពស់កំនើនសេដ្ឋកិច្ច និងការរីកដុះដាលយ៉ាងច្រើននៃហេដ្ឋារចនាសម្ព័ន្ធនានា ដែលបំរើដល់សេចក្តីត្រូវការរបស់ប្រជាជន និងសង្គមជាតិទាំងមូល ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍បន្តទៀតថា ឆ្ពោះទៅកាន់គោលដៅនេះរាជរដ្ឋាភិ បាលនឹងកំពុងដឹកនាំការអនុវត្តការងារសំខាន់ៗរួមមាន បន្តរក្សាពង្រឹងសន្តិសុខ សន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមគ្រប់កាលៈ ទេសៈ និងគ្រប់ស្ថានភាពទាំងអស់ ដើម្បីជាគុណប្រយោជន៍បន្តកសាង និងអភិវឌ្ឍន៏ជាតិ ឲ្យរីកចំរើនយ៉ាងឆាប់រហ័សប្រកបដោយចីរភាព ។
បន្តការពារយ៉ាងម៉ឹងម៉ាត់នូវឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដី បន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង និងសហគមន៏អន្តរជាតិសំដៅបង្កើត និងធានាឲ្យបាននូវកត្តាអំណោយផលពីខាងក្រៅ តាមរយៈនយោបាយការទូត និងជម្រុញការអភិវឌ្ឍន៏ ជាតិ ។ សម្តេចប្រធានព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ថា សមិទ្ឋផលដ៏ត្រជេះត្រចង់ដែលត្រូវសម្ភោធនាពេលនេះ គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ពី
សំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យពុទ្ឋចក្រ ឱ្យដើរទន្ទឹមគ្នាជាមួយវិស័យអាណា ចក្រ ដែលវិស័យទាំង២នេះមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ៕



































