ខេត្តកំពង់ធំៈ ឈ្មួញកាងទីតាំងនេសាទ ដោយបានអាងវ៉ាងមិនឲ្យប្រជាពលរដ្ឋ ចូលទៅនេសាទត្រីនៅចំនុចស្ទឹងកំបុត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាហេតុធ្វើអោយមានប្រតិកម្មយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបារាយណ៍ ដែលបានចិញ្ចឹមឆ្នាំបាយដោយសារនេសាទត្រី តែត្រូវបានឈ្មួញ មានការត្រូវរ៉ូវគ្នាជាមួយសង្កាត់រដ្ឋបាលជលផល បានអាងវ៉ាងមិនឲ្យមានប្រជាពលរដ្ឋណាចូលទៅនេសាទនៅ តំបន់នោះ ដោយអាងថាបានបង់លុយរដ្ឋបាលជលផលហើយ។
ប្រភពព័ត៌មានពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ ខណៈពេលដែលសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ និងអ្នកសារព័ត៌មាន ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យកងកម្លាំងចុះទៅបង្ក្រាបនិងកាប់កំទេស ចោលនូវឧបករណ៍នេសាទខុសច្បាប់តែត្រូវបានលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផល បារាយណ៍ ខឹងច្រឡោតដាក់សមត្ថកិច្ចប៉ូលិស ថាហេតុអ្វីបានជានាំអ្នកសារព័ត៌មានមកហើយអ្នកណាជាអ្នករាយការណ៍ ទៅព្រះរាជអាជ្ញា ក្នុងនោះលោកជិន ស៊ីថា បាននិយាយប្រាប់មេប៉ុស្តិ៍ថា សម្រាប់អ្នកសារព័ត៌មាន វាថតអីថត ទៅផ្សាយអីផ្សាយទៅកុំទៅខ្លាចវា នេះគ្រាន់តែជាប្រភពពីនាយប៉ុស្តិ៍រដ្ឋបាលឃុំទ្រាល។
លោកអនុសេនីយ៍ឯក គ្រី សារិទ្ធ នាយប៉ុស្តិ៍រដ្ឋបាលឃុំទ្រាល បានចុះទៅទីតាំងបទល្មើស ព្រមទាំងបានណែនាំចែឡាប ដែលជាអ្នកកាងទីតាំងនេសាទថា ចែឡាបឯង មិនអាចអាងវ៉ាង និងកាងទីតាំងនេសាទនេះទេ ព្រោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបាន សម្រេចលុបឡូត៍នេសាទហើយបានទុកអទិភាព ឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ចូលនេសាទជាលក្ខណៈគ្រួសារ ចំណែកចែឯងរស់នៅស្រុក កោះធំ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំ មិនមែនជាអ្នករស់នៅអចិន្ត្រៃក្នុងស្រុកបារាយណ៍ទេដូច្នេះកុំឲ្យមានបញ្ហា ត្រូវចែកគ្នានេសាទអោយបានគ្រប់គ្នា ចៀសវាងមានបញ្ហារដល់ប្រជាពលរដ្ឋរបស់ខ្ញុំ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ពុំអាចសុំការបំភ្លឺជុំវិញករណី មន្ត្រីរបស់ខ្លួនបើកដៃ ឲ្យមានឈ្មួញឈ្មោះ ចែឡាប និងតាសោម លុកលុយកាងទីតាំងនេសាទជាព្រទ្យរបស់ខ្លួន និងហាមមិនឲ្យ មានប្រជាពលរដ្ឋចូលទៅអ្នកនេសាទបាន តែគួរអោយសោកស្តាយពុំអាចស្រាយបំភ្លឺបាន ព្រោះលោកឆ្លើយថាពេលនេះពុំអាចផ្តល់ព័ត៌មានអ្វីបានទេ ព្រោះលោកជាប់សន្និបាតនៅសាលាខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជាច្រើនបានសំណូមពរ ឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋមន្ត្រី ក្រសួងកសិម្ម រុក្ខប្រមាញនិងនេសាទ ជួយសម្រួលឲ្យប្រជាពលរដ្ឋបានចូលទៅនេសាទនៅចំនុចស្ទឹងកំបុតផង ដោយសារតែពេលនេះ រដ្ឋបាលជលផលស្រុកបារាយបានលក់ឲ្យឈ្មួញបាត់ហើយ ហើយហាមមិនឲ្យ ប្រជាពលរដ្ឋចូលទៅនេសាទ។
ដោយ ប៊ុន រដ្ឋា




































