ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយទប់ស្កាត់ក្រុមហ៊ុនម៉ែន សារុន ដែលកំពុងចុះទិញស៊ងចិញ្ចឹមត្រីនៅក្នុងបឹងសំរោង ដើម្បីបូមខ្សាច់លុបហើយមាន ទាហ៊ាន និងP M ផ្កាយ១ ផ្កាយ២បង្កើតជាសមាគមន៍ដើម្បីទិញនិងលក់ស៊ងត្រីក្នុងបឹងសំរោងនេះ យកមកធ្វើប្រយោជន៍ផ្ទាល់ខ្លួនផងដែរ ដែលផ្ទុយទៅនឹងអនុក្រឹត្យលេខ៦៥របស់រាជរដ្ឋាភិបាល ដែលបានចេញក្នុងឆ្នាំ២០០៨កន្លងមក ទុកផ្ទៃបឹងទំហំ៣៣៦ហិកតា ជាសម្បតិសាធារណៈមិនឲ្យអ្នកណារំលោភបានឡើយនោះ។
ក្នុងការស្នើរសុំរបស់ប្រជាពលរដ្ឋនេះដែរ សមាជិកក្រុមប្រឹក្សាខណ្ឌបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អណត្តិទី២ របស់ក្រុមប្រឹក្សា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦កន្លងទៅនោះ នៅសាលាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា លោកស្រីសួនចាន់ ណារី អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឆ្លើយតបទៅនឹងសំណើសមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយទប់ស្កាត់ក្រុមហ៊ុនម៉ែន សារុន ដែលកំពុងចុះទិញស៊ងចិញ្ចឹមត្រីនៅក្នុងបឹងសំរោង ដើម្បីបូមខ្សាច់លុប និងទាហ៊ាន និងមានP M ផ្កាយ១ ផ្កាយ២បង្កើតជាសមាគមន៍ដើម្បីទិញនិងលក់ស៊ងត្រីក្នុងបឹងសំរោងនេះយកមកធ្វើប្រយោជន៍ផ្ទាល់ខ្លួននោះ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ការទិញលក់ស៊ងចិញ្ចឹមត្រីពីមួយទៅមួយដោយមិនឆ្លងកាត់ អាជ្ញាធរនោះគឺភូមិបាលមិនទទួលខុសត្រូវឡើយ។ ហើយផ្ទៃបឹងចំនួន៣៣៦ហិកតាដែលមានអនុក្រឹត្យលេខ៦៥របស់រាជរដ្ឋាភិបាល ដែលបានចេញក្នុងឆ្នាំ២០០៨កន្លងមកនោះគឺគ្មាននណាហ៊ានរំលោភបានឡើយ គ្រាន់តែយើងពុំទាន់បានបោះបង្គោលព្រុំឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។
ចំណែកលោកម៉ៅ បូរ៉ា បានមានប្រសាស្ត្រថា បើភូមិបាល និងអាជ្ញាធរដែនដីរបស់ខណ្ឌព្រែកព្នៅ ចុះបោះព្រុំប្រទល់ផ្ទៃបឹងចំនួន៣៣៦ហិកតាបាន គួរតែចុះបោះឲ្យបានឆាប់ទៅ ព្រោះថាបច្ចប្បន្នមានអ្នកមួយចំនួនតែងតែធ្វើនូវសកម្មភាពចូលទៅកាន់កាប់ដីខុសច្បាប់ហើយ ដល់ពេលមានការប្តឹងផ្តល់ពួកគេទាំងនោះសំអាងថា បើចាញ់បានលុយ បើឈ្នះបានដីនេះតែងកើតឡើងជារឿយៗក្នុងបញ្ហាដីធ្លី។
លោកស្រីសួន ចាន់ណារី អភិបាលរងខណ្ឌព្រែកព្នៅបានបញ្ជាក់ថា ការយាល័យដែនដី និងមន្ទីជំនាញ គួរតែទំនាក់ទំនងខាងសាលារាជធានីដើម្បីពន្លឿននូវកិច្ចការទាំងនេះ ព្រោះថាសាលារាជធានីបានប្រជុំរួចរាល់ហើយអំពីព្រុំប្រទល់ នៃបឹងសំរោងដែលមានផ្ទៃបឹងចំនួន៣៣៦ហិកតា រួចហើយផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងកក់ក្តៅ។ គួរបញ្ជាក់ថា ផ្ទៃបឹងចំនួន៣៣៦ហិកតា បច្ចប្បន្នប្រជាពលរដ្ឋចំនួន៥ភូមិ គឺភូមិគ្រោះ ភូមិដួងភូមិសំរោងជើង ភូមិសំរោងកណ្តាល និងភូមិសំរោងត្បូង អាស្រ័យផលរាប់ឆ្នាំមកហើយ ដោយបូបទឹកបឹងសំរោង យកទៅបង្ករបង្កើនផលស្រូវផង និងចិញ្ចឹមត្រីផងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់៕



































