សៀមរាបៈ បទល្មើសព្រៃឈើដឹកជញ្ជូនយ៉ាងសកម្ម តាមការសណ្តោងរ៉ឺម៉ក ចេញពីឃុំខ្វាវ ចូលស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានបញ្ជាឲ្យសង្កាត់រដ្ឋបាល ព្រៃឈើខ្វាវ និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដឹកនាំការបង្ក្រាបដោយ លោកថៃ គឹមសុង ចុះឃាត់រ៉ឺម៉កឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ នៅចំនុចភូមិម្កាក់តូច ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមការឲ្យដឹងពីប្រភពព័ត៌មាន ដែលបានរាយការណ៍បានបញ្ជាក់ថា ម្ចាស់រ៉ឹម៉កដឹកឈើ សណ្តោងនិងរថយន្ត កាម៉ារីនេះ គឺជាកម្មសិទ្ធរបស់លោក សោ សុខ គឺជាឈ្មួញរកស៊ីដឹកឈើដោយខុសច្បាប់ មកជាយូរឆ្នាំមកហើយ ព្រមទាំងបានបើកការ៉ាស់សាំងនៅក្បែរស្ពានកំពង់ក្តីទៀតផង តែពុំត្រូវបានសមត្ថកិច្ចធ្វើការហាមឃាត់នោះទេ ទើបតែពេលនេះដោយសារតែសកម្មភាពកំពុងតែប្រព្រឹត្តផ្ទាល់ ព្រមទាំងមានការបញ្ជាផ្ទាល់ពី លោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ទើបសមត្ថកិច្ចបង្ខំចិត្តចាប់ឃាត់រ៉ឺម៉កដឹកឈើ ដែលមានឈើប្រភេទក្តា មុខ២០ ចំនួន២៥០សន្លឹក ប្រវែង៦ទៅ៧ ម៉ែត្រ យកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើ ជីក្រែងដើម្បីរក្សាទុក ចំណែកម្ចាស់ឈើឈ្មោះសោ សុខ បានឈរអោបដៃមើល ដោយទឹកមុខញញឹមញញ៉េម ដោយគ្មានកើតទុក្ខកង្វល់អ្វីឡើយ ។
កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតិនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០.យប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦ ខណៈពេលដែល រថយន្តកាម៉ារីសេរីឆ្លាម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P- 9015 ជាកម្មសិទ្ធរបស់លោក សោ សុខ កំពុងតែធ្វើសកម្មភាពសណ្តោងរ៉ឹកឈើ កាត់មុខសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ត្រូវបានលោក ភោគ វិរៈ សហការជាមួយសង្កាត់ជីក្រែងស្ទាក់ចាប់តែម្តង ចំណែកមុខសញ្ញាដែលបានរកស៊ី និងដឹកជញ្ជូនឈើយ៉ាងសកម្ម ហើយមិនទាន់មានចំណាត់ការក្នុងការ បង្ក្រាបមាន ឈ្មោះតាអាត, លោក វណ្ណា, តាហួន, ចែណាយ , យាយប៉ោះ, តាយវិន ,ដែលជាមេឈ្មួញដុះស្លែរដឹកចូល ស្រុកជីក្រែង ចំនែកអ្នកដឹកតាមកាឡេថង ដឹកចូលស្រុកសូទ្រនិគមន៍ មានលោក ចំរើន, លោក ធា, លោក នឿន, លោក ប៉ៃ ជាអ្នកភូមិ កំបោអរ ក្រុមទាំងនេះបានធ្វើសកម្មភាពដឹកជញ្ជូនជាយូរឆ្នាំមកហើយ ។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងជាប្រធានខណៈបញ្ជាការឯកភាពស្រុក លោកបានបញ្ជាក់ថា លោកអគុណចំពោះការផ្តល់ដំណឹងរបស់អ្នកសារព័ត៌មាន ក្នុងកិច្ចសហការចាប់និងទប់ស្កាត់ការដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់ នៅក្នុងគោលការរបស់ស្រុក គឺមិនអនុញ្ញាតិឲ្យមានការរកស៊ីដឹកឈើដោយគ្មានច្បាប់បានដែរ ហើយក៏បានធ្វើការផ្សព្វផ្សាយ ក្នុងស្រុកក៏ដូចជាឃុំ ឲ្យកងកម្លាំងសហការគ្នា ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ។
ដោយ ប៊ុន រដ្ឋា




































