កំពង់ធំៈ ឯកឧត្តម មាស សុំ មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រជុំបូក សរុបការងារយោធាដែលបានអនុវត្តកន្លងមក និងលើកទិសដៅដាក់ចេញអនុវត្តឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានលើកយកចំនុចខ្សោយ និងខ្លាំង ដើម្បីរិះរកវិធានការដាក់ចេញ សម្រាប់អនុវត្តនាឆ្នាំបន្តប្រកបដោយប្រសិទិ្ធភាព និងជាផែនការដាក់ចេញរបស់ថ្នាក់លើ កិច្ចការចៃដន្យចំពោះមុខ និងផែនការនានា បន្ថែមរបស់តំបន់សឹក ដើម្បីចូលរួមសម្រេចនូវគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការពង្រឹងនូវវិស័យការពារជាតិ និង ចូលរួមរក្សាសន្តិសុខ សុវត្តិភាព ល្អប្រសើរនៅមូលដ្ឋាន ទីប្រជុំជន ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ និងដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងមហាជននានាលើការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដាក់ចេញនូវចំនុចសំខាន់ៗដើម្បីឲ្យនាយទាហាន និង ពលទាហានអនុវត្តទី១ ហាមយោធិនចេញធ្វើសកម្មភាពក្រៅ អង្គភាព ដោយគ្មានការចាត់តាំង និងប្រព្រឹត្តអំពើល្មើសច្បាប់ ត្រូវសាមគ្គីគ្នា ទាំងផ្ទៃក្នុងអង្គភាព និងក្រៅអង្គភាព អនុវត្តការងារមានភាពរលូនតាឋានុក្រម ទី២ ចាត់បញ្ជូនកម្លាំង ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនរបស់តំបន់សឹក តាមការចាត់តាំង ដើម្បីបំប៉នយុទ្ធវិធី សណ្តាប់ធ្នាប់ និងមុខជំនាញផ្សេងៗ និងបន្តការយកចិត្តទុកដាក់ សាងសង់ជួសជុលកែលម្អ ទីតាំងបន្ទាយ ។ ទី៣ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ច្បាមក្តាប់សភាពការណ៍ទូទៅ នៅក្នុងមូលដ្ឋានជាប្រចាំ និងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ លុបបំបាត់ចោរលួច ចោរប្លន់ ការជួញដូរ និងចែកចាយគ្រឿងញៀន ។ទី៤ ត្រូវបង្កើនលើកិច្ចការងារគ្រប់គ្រងអតីតយុទ្ធជន ស្វែងយល់ពីទុក្ខធុរៈរបស់ខ្លួន ដោះស្រាយរាល់កិច្ចការ ពាក់ព័ន្ឋនានា ចំពោះមុខសញ្ញាតាមការណែនាំថ្នាក់លើ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង រស់មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ធំ ក្នុងការកសាងជួសជុល និងសាងសង់បន្ទាយ រួមទាំងការហ្វឹកហាត់ដល់ កងកម្លាំងមន្ត្រីក្រោមឳវាទ រហូតសម្រេចបានជោគជ័យ ហើយក៏សូមអគុណចំពោះការយកចិត្តទុកដាក់ លើវិស័យមនុស្សធម៌កន្លងមក ដែលបានសាង់ជម្រកស្នាក់នៅ ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនដែលជួបនូវការខ្វះខាត ក្នុងការបានទទួលអំណោយពីមេបញ្ជាការតំបន់សឹករងកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា




































