ភ្នំពេញ៖យុវជនត្រូវជាប់សង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអង្គភាពឆ្មាំយាមច្រកចូលព័ន្ធនាគារ(គុកPJ)ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវក្រោយធ្វើការត្រួតពិនិត្យរកឃើញសារធាតុញៀនដែលជនសង្ស័យបានរក្សាទុកក្នុងដែកកេះប៉ុនប៉ងយកចូលក្នុងព័ន្ធនាគារ(PJ)ដើម្បីធ្វើសកម្មភាពប្រើប្រាស់ ។ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ ២០១៦ នៅចំណុចអង្គភាពព័ន្ធនាគារPJ តាមបណ្ដោយផ្លូវ៥៩៨ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។នាយផ្នែកព្រហ្មទណ្ឌខណ្ឌឫស្សីកែវលោក យិន សុភ័ក្ដ្រ បានឲ្យដឹងថា ជនត្រូវជាប់សង្ស័យឈ្មោះសេង វណ្ណដេត ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវ៣៦ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយផ្នែកព្រហ្មទណ្ឌបានបន្តថា មុនឃាត់ខ្លួនជនសង្ស័យបានមកសុំសមត្ថកិច្ចឆ្មាំយាមច្រកចូលគុកPJ ដើម្បីទៅមើលមិត្តភ័ក្ដ្រដែលជាប់ព័ន្ធនាគារក៍ត្រូវបាននគរបាលធ្វើការត្រួតពិនិត្យឆែកឆេរបានរកឃើញគ្រឿងញៀននៅនិងខ្លួនជនសង្ស័យដែលបានរក្សាទុកក្នុងដែកកេះយ៉ាងសម្ងាត់ត្រៀមយកចូលក្នុងព័ន្ធនាគារដើម្បីធ្វើសកម្មភាពប្រើប្រាស់ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកប្រគល់ឲ្យនគរបាលខណ្ឌឫស្សីកែវចាត់ការសាកសួរបន្ត។បច្ចុប្បន្នជនត្រូវជាប់សង្ស័យរួមនិងវត្ថុតាងបាននិងកំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ដោយ ប៊ុន ធី 



































