អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសកីឡាករ Joe Cole បានប្រកាសថា គាត់នឹងចាកចេញពីក្លិបញញួរយក្ស West Ham United ជាលើកទី២ដើម្បីស្វែងរកក្លិបថ្មីដែលអាចផ្តល់ឱកាសឲ្យគាត់ចូលលេងជាជម្រើស ១១នាក់ដំបូង បានញឹកញាប់ ។
ក្រោយពេលក្លិបបានលក់គាត់ទៅឲ្យ Chelsea ក្នុងឆ្នាំ ២០០៣ ហើយបន្ទាប់មកចំណាយពេលលេងឲ្យ Liverpool និង Lille នោះ កីឡាករវ័យ៣២ឆ្នាំរូបនេះបានវិលត្រឡប់មកកាន់ទឹកដី Upton Park វិញកាលពីខែមករា ឆ្នាំ២០១៣ជាមួយកិច្ចសន្យារយៈពេល១៨ខែប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរូបគេមិនសូវជាបានចូលលេងញឹកញាប់ទេក្នុងក្រុមរបស់លោក Sam Allardyce ។
Cole ប្រាប់គេហទំព័រ talkSPORT ថា “ពេលនេះខ្ញុំចង់រកក្លិបថ្មីលេង ខ្ញុំជាកីឡាករបាល់ទាត់ដូច្នេះខ្ញុំចង់រកក្លិប ដែលអាចឲ្យខ្ញុំលេងបានច្រើន” ។
គួរបញ្ជាក់ថា Cole ចូលលេងបាន ៣៧ ប្រកួតសម្រាប់ការមកលេងឲ្យ West Ham ជាលើកទី២នេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ ៕