កំពង់ធំៈឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំក្នុងសហគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាចំនួន ៤លានរៀល ប្រគល់ជូនសាច់ញ្ញាតិ ក្រុមគ្រួសារសព អតីតយុទ្ធជន ដែលបានមរណៈភាពដោយរោគគាពាធ ស្ថិតនៅភូមិ កំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ ២០១៦កន្លងមក ។
ក្រុមគ្រួសារសពអតីតយុទ្ធជន ត្រូវបានមរណៈភាព កាលពីថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០១៦ ដោយជំងឺរោគគាពាធ មានឈ្មោះ រស់ ទិង ត្រូវបានឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងអនុប្រធាន បានបើកប្រាក់បេឡាមរណសង្គ្រោះ ៤លានរៀល យកមកប្រគល់ជូន ក្រុមគ្រួសារសព ក្រោយពេលបានមរណៈភាពតែរយះពេល៤ថ្ងៃ គឺក្រុមគ្រួសារបានទទួលថវិកាភ្លាមសម្រាប់ការដោះស្រាយធ្វើបុណ្យសព ។
ប្រជាពលរដ្ឋបានកើតសរសើរចំពោះ ការយកចិត្តទុកដាក់ របស់ឯកឧត្តមប្រធានសហគមន៍អតីតយុទ្ធជន ដែលមានការប្រឹង ប្រែងយ៉ាខ្លាំងក្នុងការខ្នះខ្នែង នាំយកប្រាក់បេឡាមរណៈសង្គ្រោះបានទាន់ពេលវេលា ខុសពីសម័យមុន៣ឆ្នាំមុន សាកសព អតីតយុទ្ធជនដែលបានស្លាប់សាច់ញ្ញាតិធ្វើបុណ្យរួច រហូតដល់សាកសពរលួយទាំងឆ្អឹងទៅហើយ ក៏មិនទាន់បើកប្រាក់បេឡា មរណៈសង្គ្រោះទៀត ហើយទំរាំតែបានបើកប្រាក់៤លានរៀលនេះ សាច់ញ្ញាតិភ្លេចទៅហើយទើបានបើកបាន នេះចំពោះខេត្តបាត់ដំបងកន្លងមក ។
ឯកឧត្តម សោម ស៊ុន ប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា បានផ្តោតទៅលើអតីតយុទ្ធជន ដែលបានចូលនិវត្តជន ពលី ពិការ ឲ្យមន្ត្រីមូលដ្ឋាន ថ្នាក់ឃុំ ស្រុក ខេត្ត ធ្វើការចុះបញ្ជីរឲ្យ បានច្បាស់លាស់ និងពិនិត្យឯកសារ ប្រវត្តិរូប ឈ្មោះ អត្រាកូលដ្ឋាន អត្តសញ្ញាណ ឲ្យបានត្រឹមត្រូវ ចៀសវាងការខុសនូវឈ្មោះ ឬអត្តសញ្ញាណប័ណ្ណ ដែលបង្ករឲ្យមានការយឺតយ៉ាវ ក្នុងនោះដែរក៏បានជម្រុញឲ្យសមាគមន៍ មូលដ្ឋានយកចិត្តទុក ដាក់ក្តាប់មុខសញ្ញា អតីតយុទ្ធជន ដើម្បីធ្វើងាយស្រួលក្នុងការតាមដាន និងការជួយគ្នាទៅវិញទៅមក ។
ដោយ ប៊ុន រដ្ឋា



































