​ ​ប្រជុំ​អប់រំ​ស្តីពី​សុខភាព​មាត់​ធ្មេញ​ដល់​សិស្ស​បឋមសិក្សា​ជិត​១​ពាន់​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​

0

ខេត្តកំពង់ឆ្នាំង​៖​ ​« នៅពេល​មាត់​ធ្មេញ អញ្ចាញ​មាន​សុខភាព​មិនល្អ​នោះ សុខភាព​រាងកាយ​ក៍​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ មាន​ជាអាទិ៍ ការ​ធំក្លិន​មាត់ រលាក​បំពង់ករ ជម្ងឺ​ក្រពះ ឬ​រហូតដល់​មាន​បញ្ហា​បេះដូង​ក៍មាន » លោក សាន់ យូ នាយក​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រាស​មូល​ធន បាន​ថ្លែង​បែបនេះ ក្នុង​វគ្គ​ប្រជុំ​ផ្សព្វផ្សាយ​សុខភាព​មាត់​ធ្មេញ ក្រោម​ប្រធានបទ​ស្តីពី​សុខភាព​មាត់​ធ្មេញ និង​ការថែទាំ និង​ការចែកជូន​ថ្នាំ​និង​ច្រាស​ដុសធ្មេញ ដែល​ឡើង​នៅក្នុង​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ ដោយមាន​សិស្សានុសិស្ស​ចូលរួម​ជិត​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងស្រុក​កំពង់ត្រឡាច គោលបំណង​អោយ​សិស្ស​បាន​យល់ដឹង​អំពី​វិធីសាស្ត្រ​ថែរក្សា​អនាម័យ សុខភាព​មាត់​ធ្មេញ និង​ការ​ដុស​សំអាត​ធ្មេញ ព្រោះ​សិស្សានុសិស្ស​ក្នុង វ័យ​នេះ ងាយ​នឹង​ទទួលរង​នូវ​ជម្ងឺ​មាត់ ជម្ងឺ​ពុក​ធ្មេញ ដែល​អាច​ប៉ះពាល់​ដល់​ការសិក្សា​។​៤
​ ​លោក សាន់ យូ នាយក​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រាស​មូល​ធន​ដែលជា​អ្នក​ជួយ​ឧបត្ថម​ច្រាស់ និង​ថ្នាំដុសធ្មេញ​បាន​ថ្លែងបន្តថា​៖ ក្មួយៗ​ទាំងអស់​ត្រូវ​ដុសធ្មេញ​អោយបាន​ញឹកញាប់ ក្នុង​១​ថ្ងៃ​អោយបាន​ពី​២​ទៅ​៣​ដង ដើម្បី​សំអាត​កាកសំណល់​ដែល​នៅសល់​កក​តាម​ជើងធ្មេញ ក្រោយពេល​បរិភោគ​ចំណី​អារ​ហារ​រួច​។​បើ​ក្មួយៗ​មាន​សុខភាព​មាត់​ធ្មេញ​ល្អ នាំអោយមាន​សុខភាព​ទូទៅ​បានល្អ ជួយ​បង្កើន​សោភ័ណភាព​ផ្ទៃមុខ​ស្រស់ស្អាត​។​ម្យ៉ាងទៀត​យើង​ត្រូវ​ទៅ​ជួប​លោកគ្រូ​ពេទ្យធ្មេញ​ពី​ម្តង​ទៅ​២​ដង​ក្នុង​១​ឆ្នាំ ដើម្បីអោយ​គ្រូពេទ្យ​លាង​សំអាត​ធ្មេញ​របស់​យើង និង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ក្រែង​មាន​ដង្កូវ​ស៊ី​ឬ​បញ្ហា​ផ្សេងៗ ការ​ធ្វើបាន​បែបនេះ ដើម្បី​កុំអោយ​ធ្មេញ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​នាំអោយ​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ និង​ខាត​ពេលវេលា​រៀនសូត្រ​ទៀតផង​។​២
​ ​លោក ឆៃ ឈាន ទន្តពេទ្យ​ប្រចាំ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ណែនាំ​ក្មួយៗ​ជា​សិស្ស​ទាំងអស់​ថា​៖ ជាទូទៅ​ជម្ងឺ​មាត់​ធ្មេញ​ដែល​កើតជា​ញឹកញាប់​មាន​២​ប្រភេទ​សំខាន់​គឺ ជម្ងឺ​ពុក​ធ្មេញ និង​ជម្ងឺ​រលាក​អញ្ចាញធ្មេញ គឺ​បាក់តេរី​មាននៅ​គ្រប់​ទីកន្លែង​ទាំងអស់ សូម្បីតែ​នៅក្នុង​មាត់ក៍​មាន​ដែរ ដូចនេះ​យើង​គួរតែ​ដុសធ្មេញ ដើម្បី​សំលាប់​ពពួក​បាក់តេរី ឬ​វីរុស​ទាំងនោះ​។​
​ ​ក្រោយពី​បង្ហាត់បង្ហាញ​ពី​របៀប​សំអាត​ធ្មេញ​រួចមក លោក ឆាយ ឈាន ក៍បាន​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល​ដែលមាន​កូនចៅ​ទាំងអស់ ឧស្សាហ៍​យកចិត្តទុកដាក់​ចំពោះ​កូនចៅ​របស់ខ្លួន កុំអោយ​បរិភោគ​ចំណី​អារ​ហារ​មាន​រសជាតិ​ផ្អែម ញឹកញាប់​ពេក ដែល​អាច​បណ្តាលអោយមាន​បញ្ហា​សុខភាព​មាត់​ធ្មេញ ដោយ​អាណាព្យាបាល​គ្រប់រូប​គួរ​ចំណាយ​ពេលវេលា​ចូលរួម​ក្នុងការ​ដឹកនាំ​បង្ហាត់បង្ហាញ​អោយ​កូនតូចៗ​របស់លោក​អ្នក អោយមាន​ទំលាប់​ទៀងទាត់​ល្អ​ក្នុងការ​ដុស​សំអាត​ធ្មេញ និង​ចេះ​អំពី​របៀប​ដុសធ្មេញ ដើម្បី​មាន​សុខភាព​មាត់​ធ្មេញ​ល្អ​មិន​ប៉ះពាល់​ដល់​ការរៀនសូត្រ មិន​ខាតបង់​ប្រាក់​ក្នុង​គ្រួសារ​៕១