ខេត្តសៀមរាប ជាទូទៅនៅលើទីផ្សារបច្ចុប្បន្ននេះ ការដាក់តាំងលក់ចំណីអាហារវេចខ្ចប់រួច មានមួយចំនួនប៉ុណ្ណោះ ដែលទំនិញចំណីអាហារវេចខ្ចប់រួចទាំងនោះ ត្រូវបានផលិតនិងវេចខ្ចប់ដោយមានបិទបង្ហាញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់ តាមស្តង់ដារដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាំកុងត្រូលតែងបានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ បានកត់សម្គាល់ឃើញថា ចំណីអាហារវេចខ្ចប់រួចក្នុងអត្រាភាគច្រើន មានការក្លែងបន្លំ និងមានការវេចខ្ចប់ ដោយបានបិទស្លាកសញ្ញាលើទំនិញទាំងនោះ ពុំស្របតាមលក្ខខ័ណ្ឌកំណត់នោះឡើយ គឺមានន័យថា អ្នកផលិត ផលិតផលចំណីអាហារវេចខ្ចប់រួចទាំងនោះ ពុំមានការទទួលខុសត្រូវ លើសុវត្ថិភាពផលិតផលរបស់ខ្លួននោះឡើយ ហើយអាជីវករទទួលដាក់តាំងលក់នៅលើទីផ្សារ ក៏ពុំមានការយល់ដឹង អំពីការទទួលខុសត្រូវ ចំពោះសុខភាពរបស់អតិថិជន របស់ខ្លួននោះដែរ ។
លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ នៅផ្សាចាស់(ក្រុងសៀមរាប) ក្នុងខណៈពេលដែលលោក បាន
ដឹកនាំមន្ត្រីជំនាញ ចុះប្រតិបត្តិការពិនិត្យមើល ករណីយសុវត្តិភាពចំណីអាហារវេចខ្ចប់រួចនៅទីនោះ ។ លោកបន្តថា ៖ ប្រតិបត្តិការនេះ គឺសំដៅលើមុខសញ្ញាទំនិញចំណីអាហារវេចខ្ចប់រួច ប្រភេទច្រកក្នុងប្រអប់ក្រដាស់ និងថង់ប្លាសស្ទិច ។ លោកបន្តឲ្យដឹងទៀតថា លក្ខខ័ណ្ឌតម្រូវ សម្រាប់ទំនិញវេចខ្ចប់រួច ទាំង៩ចំណុចនោះ រួមមាន ៖ នៅលើស្លាកសញ្ញាដែលត្រូវបានបិទលើសំបកផលិតផលនោះ គឺ ទី១ ឈ្មោះផលិតផល ទី២ អាស័យដ្ឋានផលិត ទី៣ ម៉ាកផលិតផល ទី៤ គ្រឿងផ្សំ ទី៥ វិធីប្រើ ទី៦ បរិមាណទម្ងន់ ទី៧ ប្រភព ទី៨ លេខឡូត៌ និងទី៩ កាលបរិច្ឆតប្រើប្រាស់ ។
លោក ព្រហ្ម ដូលីន បានបញ្ចាក់បន្ថែមថា ៖ នៅក្នុង៩ចំណុចនៃលក្ខខ័ណ្ឌតម្រូវខាងលើ យ៉ាងហោចណាស់ ក៏ត្រូវបានគោរពឲ្យបាន៤ចំណុច ដូចជា ឈ្មោះផលិតផល( ដំណាប់ចេក ) អាស័យដ្ឋានផលិត ( ផ្ទះលេខ ភូមិ ឃុំសង្កាត់ ) ម៉ាកផលិតផល ( រូបសញ្ញា ) និងកាលបរិច្ឆេតនៃការប្រើប្រាស់ ។ លោកបន្តឲ្យដឹងថា លក្ខខ័ណ្ឌតម្រូវខាងលើ វាគឺជាសញ្ញាណនៃការទទួលខុសត្រូវ របស់អ្នកផលិត ។ ការគោរពបាននូវលក្ខខ័ណ្ឌតម្រូវទាំងនេះ គឺវាមានអត្ថប្រយោជន៍ចំនួន២ គឺទី១ អ្នកផលិតនឹងទទួលបានអតិថិជនកាន់តែច្រើន បើសិនជាផលិតផលនោះ មានគុណភាពល្អ ព្រោះវាមានការបង្ហាញអាស័យដ្ឋានជូនអតិថិជន ។ ប្រយោជន៍ទី២ គឺសម្រាប់អ្នកទទួលលក់លើទីផ្សារ ពីព្រោះបើសិនជាផលិតផលនោះ វាមានបញ្ហាប៉ះពាល់សុខភាពអតិថិជន សមត្ថកិច្ចជំនាញនឹងបានស្គាល់ប្រភពផលិត បើមិនដូច្នោះទេ អ្នកទទួលលក់ គឺជាអ្នកទទួលខុសត្រូវ ដូច្នេះអាជីវករដែលជាអ្នកទទួលលក់ផលិតផលទាំងនោះ ត្រូវយល់ដឹងអំពីបញ្ហានេះ ។
ជាមួយនឹងការអប់រំនោះដែរ សមត្ថកិច្ចជំនាញដែលចុះត្រួតពិនិត្យអំពីបញ្ហានេះ បានបញ្ជាក់ប្រាប់អាជីវករទាំងនោះថា ៖ សម្រាប់ការចុះត្រួតពិនិត្យលើកក្រោយ គឺមិនអនុញ្ញាតិឲ្យដាក់តាំងលក់ ទំនិញចំណីអាហារវេចខ្ចប់រួចណាមួយ ដែលមិនអនុវត្តតាម លក្ខខ័ណ្ឌតម្រូវខាងលើ នោះឡើយ ៕



































