ខេត្តសៀមរាប គម្ពីព្រះត្រ័យបិដកមួយចប់ ( ១១០ក្បាល ) ត្រូវបានប្រជាពុទ្ធបរិស័ទ អ្នកមុខ អ្នកការ ក្នុងខេត្តអបអរដោយសទ្ធាចិត្តដ៏ជ្រះថ្លា ចូលរួមដង្ហែយកទៅតម្កល់ទុកក្នុងសាលាធម្មសភា ដែលទើបសាងសង់រួចរាល់ជាស្ថាពរ និងកំពុងប្រារព្ធពិធីសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាសនា នាក្នុងបរិវេណទីអារាមនៃវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ចុងសប្តាហ៍កន្លងមកនេះ ។ លោក ចម ប្រសិទ្ធ និងលោកជំទាវ គឺជាអ្នកផ្តើមសទ្ធា ជាវគម្ពីព្រះត្រ័យបិដក និងកសាងសាលាធម្មសភានោះ រួមទាំងពុទ្ធសាសនូបត្ថម្ភ ជាច្រើននាក់ទៀត បានចូលរួម ។
ជាមួយនឹងពិធីសម្ពោធឆ្លងនោះ គេសង្កេតឃើញមានព្រះវត្តមាននិងវត្តមាន គណសង្ឃក្នុងខេត្ត លោក តំណាងរាស្ត្រមណ្ឌលសៀមរាប លោកគណអភិបាលខេត្ក ប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមកពីបណ្តាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បានចូលរួម ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម មានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនា ទីអារាម និងព្រះសង្ឃ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌និងចរិយាធម៌ហើយក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ផងដែរ ដែលនាំមកនូវការធានាបាន សុខដុមរមនា នៅក្នុងសង្គមជាតិ ។ ឯកឧត្តម រំលឹកថា វត្តស្វាយគឺជាអារាមដ៏ចំណាស់មួយ ។ នៅក្នុងឆ្នាំ១៩៩៥ ដោយមើលឃើញអំពីតម្រូវការចាំបាច់ ឯកឧត្តមបានផ្តើមកសាងសាលាធម្មសភាទំហំ ( ១៦ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ ) លើខឿនកំពស់២ម៉ែត្រ ទំហំ ( ១៩ម៉ែត្រ គុណនឹង ៤៤ម៉ែត្រ ) ។ ២០ឆ្នាំកន្លងមក គឺក្នុងឆ្នាំ២០១៥កន្លងទៅ សាលាធម្មសភាមួយនេះ មានតម្រូវការជួសជុសកែលម្អឡើងវិញ ដើម្បីបានប្រើប្រាស់និងដំណើរការបំពេញកិច្ចគ្រប់យ៉ាង ក្នុងបុព្វហេតុជួយទ្រទ្រង់ លើកស្ទួយវិស័យព្រះពុទ្ធសាសនា និថសង្គមផងដែរ ។ បច្ច័យកសាងនិងជួសជុលកែលម្អសាលាធម្មសភានេះ មានចំនួន ២សែន ២ម៉ឺន ៩ពាន់ដុល្លា ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធជាមួយនឹងគម្ពីព្រះត្រ័យបិដកមួយចប់(១១០ក្បាល) ដែលត្រូវបានដង្ហែយកទៅតម្កល់ទុកក្នុងសាលាធម្មសភានោះ ជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ និងស្រាវជ្រាវ នៃព្រះភិក្ខុ សាមណេរ ពុទ្ធបរិស័ទ ក៏នៅមានកុំព្យូទ័រ១គ្រឿងបន្ថែមទៀត ដែលត្រូវបានបញ្ចូលឯកសារព្រះត្រ័យបិដក ទាំងច្បាប់ដើម និងច្បាប់បកប្រែជាច្រើនភាសា សម្រាប់ការស្រាវជ្រាវ នៃភ្ញៀវជាតិ និងភ្ញៀវបរទេស ផងដែរ ៕ 



































