ខេត្តកំពត ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន-ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន-សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ខែកម្ភៈ ឆ្នាំ ២០១៦ បានអញ្ជើញជាអធិបតី សម្ពោធដាក់អោយប្រើប្រាស់នូវ សាលាធម្មសភានៅក្នុងវត្តអង្គចក ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជំគីរីខេត្តកំពត។ ក្នុងឱកាសនោះក៏មានវត្តមានចូលរួមជាកិត្តិយសពីសំណាក់ ឯ.ឧ នឹម-ច័ន្ទតារា និងលោក ជំទាវអ៊ុន-សុគន្ធាអ្នកតំណាងរាស្ត្រមណ្ឌលកំពត ព្រមទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពកផងដែរ។ លោកខៀវ-រិទ្ធិភ័ណ អភិបាលស្រុកជុំគីរី បានធ្វើរបាយការណ៍អោយដឹងថា ៈនៅក្នុងមូលដ្ឋានស្រុកជុំគិរីគឺជាទឹកដីពោពេញដោយសង្គ្រាមស៊ីវិលក្នុងចន្លោះឆ្នាំ១៩៧៩ និងបានបញ្ចប់ដល់ឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុន-សែន ។បច្ចុប្បន្នជាមួយសមិទ្ធិផលសំខាន់ៗដែលលេចធ្លោផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក្នុងស្រុកជុំគិរីមានការរីកចំរើនគួរអោយកត់សំគាល់ផងដែរ នៅក្នុងទូទាំងស្រុកមានវត្តចំនួន ១៧ និងមានព្រះសង្ឃចំនួន១១៨អង្គ។ ក្នុងចំណោមវត្តទាំងនោះ វត្តអង្គចក ជាវត្តមួយមានចំណាស់ជាងគេដែលបានកសាងក្នុងអំឡុងឆ្នាំ១៩៣២ តែក៏មានការខូចខាតដោយសារសង្គ្រាម ហើយត្រូវបានចាប់កសាងឡើងវិញជាបណ្ដើរៗ នូវសមិទ្ធិផលនានា ជាក់ស្តែងសាលាធម្មសភាដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ បានចំណាយអស់ទឹកប្រាក់សរុបចំនួន៩៥៦០០ដុល្លា ។ មានប្រសាសន៍សំណេះសំណាលឯ.ឧបណ្ឌិត ប៉ែន-ស៊ីម៉ន បានថ្លែងការកោតសរសើរចំពោះ ព្រះសង្ឃ អាចារ្យគណកម្មការវត្ត ថ្នាក់ដឹកនាំ រួមនិងប្រជាពុទ្ធបរិស័ទ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានខិតខំ និងរួមចំណែកកសាងនូវសមិទ្ធិផលនានាក្នុងទីអារាមនេះឡើងមានការរីកចំរើនសម្រាប់ជាប្រយោជន៍ នៃទីសក្ការៈបូជារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ ទូទៅ ។ ឯ.ឧបណ្ឌិតប៉ែន-ស៊ីម៉នក៏បានបន្តលើកបញ្ជាក់ថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន-សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនយ៉ាងស្គុះស្គាយនៅទូទាំងប្រទេស ហើយបានរួមចំណែកដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែបានអប់រំ ព្រៀនប្រដៅប្រជាពលរដ្ឋនូវចំណេះដឹងនិងសីលធ៌មចរិយាធ៌ម ស្គាល់ គុណ ទោស បុណ្យបាបប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយមានរីកចម្រើនផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ អាជ្ញាធរប្រជាពលរដ្ឋរួមនិងព្រះសង្ឃអោយខិតខំបន្តរួមសហការគ្នាអភិវឌ្ឍក្នុងមូលដ្ឋានបន្ថែមទៀត ពិសេសអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងរបៀបរបបការងារដើម្បីបម្រើសេវាសាធារណៈនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតប៉ែន-ស៊ីម៉នក៏បាននាំយកនូវបច្ច័យប្រគេនព្រះសង្ឃវត្តអង្គចក ចំនួន១០លានរៀល ជូនអំណោយ យាយជី តាជីចំនួន៣៦០នាក់ម្នាក់ៗក្រណាត់ស ១ដុំប្រាក់១ម៉ឺនរៀល សិស្ស និងយុវជនកកាបាតក្រហម យុវជនកាយរិទ្ធសរុប៣០០នាក់ម្នាក់១ម៉ឺនរៀល ផ្ដល់ជូនគណបក្សប្រជាជនស្រុកជុំគិរីម៉ាស៊ីនព្រីនធ័រនិងកុំព្យូទ័រមួយកំប្លេ ផ្ដល់កងកម្លាំង៣០នាក់ម្នាក់២ម៉ឺនរៀលជូនសម្រាប់ការរៀបចំកម្មវិធីបុណ្យ៤លានរៀលជូនសម្រាប់វង់ដន្ត្រីសម័យនិងល្ខោនសរុប២២៥០ដុល្លានិងសម្រាប់ការជួសជុលសាលារៀនភូមិអូរចំនួន៣លានរៀលក្នុងនោះឋវិកាឯ.ឧ នឹម-ច័ន្ទតារា១លានរៀលផងដែរ ។តមកគណៈអធិបតីបានកាត់ខ្សែបូរនិងរាប់បាតព្រះសង្ឃចំនួនជាង៧០អង្គផងដែរ។




































