បន្ទាយមានជ័យ ៖ រថយន្តតាក់ស៊ីផ្តាច់ព្រលឹងប្រភេទតូយូតាស៊ីណា ដែលរត់ទៅមកពីភ្នំពេញ-ក្រុងប៉ោយប៉ែត បានព្រលះជាមួយ រថយន្តស៊ាំយ៉ុងខណៈពេលដែលមេឃកំបុងភ្លៀង និងទាបភ្លឺ បណ្តាលអោយស្លាប់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងរបួសធ្ងន់៤នាក់ ។
ហេតុការណ៍នេះកើតឡើង កាលពីព្រឹកម៉ោង៦ ថ្ងៃទី២៤ កុម្ភះ ២០១៦ ខណៈពេលកំពុងមានភ្លៀងធា្លក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតស្ពានទឹកថ្លា ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើមានឈ្មោះ ផុន សុភ័ណ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហើយគ្រោះថ្នាក់ចរាចរខាងលើបណ្តាលមកពីកត្តាអាកាសធាតុភ្លៀងធ្លាក់ខ្លាំង និងខាងរថយន្តអាស៊ីណាដែលជារថយន្តរត់តាក់ស៊ីទៅមកភ្នំពេញ-ក្រុងប៉ោយប៉ែត ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AB 3907 បើកបរក្នុងល្បឿនលឿងក្នុងទិសដៅពីកើតទៅលិចឡើងជែងក្នុងតំបន់គ្រោះថ្នាក់ ទើបជ្រុលទៅបុកជាមួយរថយន្តតូរីពណ៌ប៉ៃតងចាស់មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2A 9314 ក្នុងទិសដៅច្រាសគ្នា ។ គ្រោះថ្នាក់ចរាចរនេះបង្ករអោយជនរងគ្រោះជាស្ត្រីម្នាក់ស្លាប់ មនុស្សប្រសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ចំណែកតៃកុងរថយន្តអាស៊ីណា ដែលបង្ករគ្រោះថ្នាក់ចរាចរ ក្រោយកើតហេតុបានធ្វើការរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហតុ ជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងរថយន្តទាំង២ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរ ស្ទូចយកកមរក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ គួររំលឹកថា ទីតាំងគ្រោះថ្នាក់ចរាចរខាងលើ ជាទីតាំងមួយដែលមានស្ថានភាពផ្លូវកោងខ្លាំង និងតែងកើតមាននូវគ្រោះថ្នាក់ចរាចរធំ ៗ ហើយបណ្តាលអោយប៉ះពាល់អាយុជីវិតមនុស្សជាច្រើននាក់ ៕




































