ខេត្តកំពង់ឆ្នាំង៖ លោក ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងបានលើកឡើងថា៖« ឈាមមានសារៈសំខាន់ណាស់ ដើម្បីសង្គ្រោះជីវិតមនុស្ស ជាពិសេសស្ត្រីសំរាលកូនមិនធម្មតា អ្នករងគ្រោះដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗទៀត» លោកបានថ្លែងបែបនេះនៅក្នុងកម្មវិធីបរិច្ចាកឈាមរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន១៣៨នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោកបានបន្តថា៖ កន្លងមក ស ស យ ក ខេត្តកំពង់ឆ្នាំងបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ការងារសង្គម និងជំរុញការងារមនុស្សធម៌ដោយស្ម័គ្រចិត្ត ទាំងកម្លាំងកាយចិត្ត និងថវិការក្នុងការជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងជនរងគ្រោះដោយសារឧប្បទ្ទវហេតុផ្សេងៗ និងការងារសិក្សាអប់រំរបស់យុវជនផងដែរ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ សមាជឹកសមាជិការ សសយក ខេត្តកំពង់ឆ្នាំង បានឯកភាពប្រមូលផ្តុំយុវជនទាំងអស់ទូទាំងខេត្តចំនួន១៥១នាក់ មានស្រី២០នាក់ ដើម្បីចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កាយវិការដ៍ប្រពៃថ្លៃថ្លានេះ គឺជាសកម្មភាពមួយដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូន សសយក ដែលបានលះបង់ឈាមរបស់ខ្លួនផ្ទាល់ក្នុងន័យរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះទូទៅដែលកំពុងត្រូវការឈាមជាចាំបាច់ ដោយមិនមានការរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា៖ អ្នកផ្តល់ឈាមត្រូវមានសុខភាពល្អ ជាធម្មតាការផ្តល់ឈាមគឺប្រើរយៈពេលតែ១០នាទីប៉ុណ្ណោះ នឹងបូមឈាមចំនួន៣៥០មីលីលីត្រ គឺតិចជាង១០ភាគរយនៃចំណុះឈាមក្នុងខ្លូមមនុស្ស ។បន្ទាប់មកអ្នកផ្តល់ឈាម សម្រាកពិសារភេសជ្ជៈ និងអាហារសម្រន់ តែ១០ទៅ១៥នាទីនឹងអាចត្រឡប់ទៅធ្វើការធម្មតាវិញ តែមិនត្រូវចេញថាមពលខ្លាំងពេកទេ ហើយត្រូវពិសារទឹកអោយបានច្រើន ក្នុងរយៈពេល២៤ម៉ោង ក្រោយការផ្តល់ឈាម។
លោកបានបញ្ជាក់ថា៖ ឈាមទាំងនេះមួយផ្នែកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅក្នុងរាជធានីភ្នំពេញ និងមួយផ្នែកទៀតទុកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីស្តុកទុកសម្រាប់ជួយសង្គ្រោះមនុស្ស ក្នុងនោះដែរឈាមទាំងអស់ ក៏នឹងត្រូវយកសំណាក ទៅពិនិត្យនៅភ្នំពេញ បន្ទាប់មកនិងយកលទ្ឋផល ត្រឡប់មកវិញ ថាតើឈាមប៉ុន្មាននឹងត្រូវប្រើការបាន ឈាមប៉ុន្មានប្រើការមិនបានព្រោះថាៈ ឈាម ខ្លះក៏មានមេរោគ ដែលមិនអាចដាក់អោយអ្នកជម្ងឺបានដែរ។
លោកជំទាវ កែរ ច័ន្ទមុន្នី ជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក្នុងនាមតំណាងអោយប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង និងជនរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងដែលបានស្ម័គ្រចិត្តបរិច្ចាកឈាមផ្ទាល់ខ្លួនសំរាប់ជួយសង្គ្រោះជិវិតជនរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ។ កាយវិការមនុស្សធម៌ខាងលើនេះគឺជាគំរូដ៍ល្អដល់យុវជនផ្សេងៗទៀត សូមរួមចំណែកបរិច្ចាកឈាមអោយបានច្រើនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតមនុស្សជាទូទៅ៕




































