កំពង់ធំៈ កិច្ចប្រជុំរៀបចំត្រួតពិនិត្យការធ្វើបញ្ជីបច្ចុប្បន្នភាព សម្រាប់អតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ក្នុងខេត្តកំពង់ធំ និងរៀបចំប្រវត្តិរូបគំរូថ្មី សម្រាប់អតីតយុទ្ធជន ដើម្បីចៀសវាងការ យឺតយ៉ាវ ក្នុងការទទួលផលប្រយោជន៍ ដោយសារតែឯកសារមិនត្រូវ តាមសំណុំបែបបទ និងដាក់ចេញនូវការអនុវត្តផែនការបន្ត ដែលត្រូវបានចាត់ធ្វើឡើង នៅក្នុងសាលប្រជុំ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៦។
ពិធីប្រជុំដ៏មានសារៈសំខាន់នេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និងជាប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និង លោកមេបញ្ជាការង លោកនាយ នាយរង សេនាធិការ ព្រមទាំងលោកមេបញ្ជាការគ្រប់កងឯកភាព ផ្នែកសឹករងទាំង៨ និងវរៈសេនាតូចទាំង២ និងស្ថាប័នជំនាញពាក់ព័ន្ឋចូលរួម ១០៤នាក់។
លោក វរៈសេនីយ៍ត្រី សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករង ក្រុងស្ទឹងសែន មានបញ្ជាក់ពីការធ្វើបញ្ជីបច្ចុប្បន្នភាព និងប្រវត្តិរូបគំរូថ្មី ដែលបានចុះអនុវត្តជាក់ស្តែង នៅតាមសង្កាត់ទាំង៨ នៅក្នុងក្រុងស្ទឹងសែន ដែលទទួលទ្ធផលបាន៧០% និងនៅសេសសល់មួយចំនួនទៀត កំពុងតែបន្តអនុវត្តឲ្យសម្រេចបានមុន ផែនការ ក្នុងនោះដែរលោកបាន លើកយកនូវចំនុចបញ្ហាដែលបានជួបប្រទះ និងតែងតែជួបនូវផលពិបាក ដែលជាបញ្ហាប្រឈម ក្នុងការធ្វើបញ្ជីបច្ចុប្បន្នភាព សម្រាប់ប្រវត្តិរូបថ្មីរបស់អតីតយុទ្ធជន ដែលមាន៣ចំនុច ទី១ រកឈ្មោះក្នុងបញ្ជីដែលមន្ទីរសង្គមកិច្ចផ្តល់ឲ្យមិនឃើញ ទី២ អតីតយុទ្ធជនចំណាក់ស្រុកទៅធ្វើការក្រៅខេត្ត ឬក្រៅប្រទេស ទី៣ គឺការផ្លាស់ប្តូរទីលំនៅដែលជាហេតុធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការផ្តល់ប្រាក់ជូន។
ឯកឧត្តម ឧត្តសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ បូកសរុប និងដោះស្រាយនូវបញ្ហា ដែលប្រឈមមួយចំនួន និងបានប្រគល់ផែនការសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ ២០១៦ ទី១ ជំរុញការធ្វើបញ្ជីបច្ចុប្បន្នភាព និងប្រវត្តិរូបគំរូថ្មី អតីតយុទ្ធជន ដែលកំពុងតែរស់នៅតាមមូលដ្ឋាន ក្នុង ស្រុក ក្រុង ឲ្យបានរួចរាល់តាមផែនការកំណត់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរដែនដី ទី២ ត្រូវធ្វើការស្រាវជ្រាវ ស្រង់ស្ថិតិអតីតយុទ្ធជន នៅតាមមូលដ្ឋាន ដែលមានជីវភាពខ្វះខាត ដើម្បីអំពាវនាវដល់សម្បុរសជនជួយឧបត្ថម្ភ ទី៣ បន្តបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសព អតីតយុទ្ធជន ទៅដល់មូលដ្ឋានដើម្បីជាការចុះសួរសុខទុក្ខផងដែរ។
ដោយ ប៊ុន រដ្ឋា





































