កំពង់ធំៈ អតីតយុទ្ធជន ដែលបានធ្លាក់ខ្លួនពិការ ក្នុងបុព្វហេតុការពារជាតិ ការពារមាតុភូមិ ក្នុងសម័យសង្គ្រាម បានស្រក់ទឹក ភ្នែក ទាំងអារម្មណ៍រំភើយឥតឧបមា ខណៈពេលដែល ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ឋ ព្រមទាំងបានប្រគល់អំណោយជូន នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីក្រោមឳវាទ បានចុះសួរសុខទុក្ខដល់អតីតយុទ្ធជន ដែលជាជនពិការជើងទាំងពី ក្នុងសម័យសង្គ្រាម អតីតសេនាជនឈ្មោះ វ័ន ចេន អាយុ៥២ ឆ្នាំ រស់នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ គាត់បានធ្លាក់ខ្លួនពិការជើងទាំងសងខាង ដោយសារជាន់មីននៅពេលកំពុងប្រយុទ្ឋលើសមរភូមិ ពាមអញ្ចាញ ឃុំត្នោតជុំ ក្នុងទឹកដីស្រុកបារាយណ៏ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ១៩៩៦។
ទិដ្ឋភាពដែលគួអោយអាណិតអាស៊ូ ក្រោមជម្រកដ៏ធ្លុះធ្លាយ ដែលបានឧបត្ថម្ភរបស់អង្គការ ADRAនៅឆ្នាំ២០០២ ដែលមានទំហ៊ំ ៣គុណ៤ រហូតមកដល់ពេលនេះ បានរលំដួលបាក់បែកអស់ហើយ បច្ចុប្បន្នជ្រកនៅផ្ទះកូនដែលតូចចង្អៀត ថ្វីត្បិតតែគាត់ជាជនពិការ គាត់មិនបានសុំទានគេទេ សុខចិត្តចិញ្ចឹមជីវិតដ៏កំសត់របស់គាត់ ទាំងកំបុតជើងទាំងពីរត្រឹមជង្គង់ គាត់បានចែកទូកដ៏តូចមួយដើម្បីនេសាទត្រី តស៊ូជីវិតរកចំណូលពីការនេសាទត្រី ដើម្បីចិញ្ចឹមគ្រួសារ។
ឈ្មោះ វ័ន ចេន បានទទួលអំណោយពីឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន និងសហការី លោក យ៉េត ហុន មេបញ្ជាការយោធាស្រុកសន្ទុក រួមជាមួយព្រះអនុគណស្រុកសន្ទុក និងមេឃុំព្នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅសំណេះសំណាលលើកទឹកចិត្តនិងបានផ្តល់នូវថវិកា និងគ្រឿងឧបភោគបរិភោគ មានដូចជា ថវិការ៤០ម៉ឺនរៀល អង្ករ១៣៦គីឡូក្រាម មី៣កេសទឹកត្រី១ យួរទឹកស៊ីអ៊ីវ១ យួរ និងឃីតមួយកញ្ចប់ មានសម្ភារផ្ទះបាយ មុងភួយកន្ទេល។លោក វ័ន ចេន បានសម្តែងនូវ អារម្មណ៍រំភើប ខណៈពេលដែលបានទទួលអំណោយ ហើយក៏មិននឹកស្មានថាមានថ្ងៃនេះ ដែលត្រូវបានទទួលជំនួយសប្បុសធម៏ដែលគាត់មិនធ្លាប់មានហើយក៏មិននឹកស្មានដល់ ថែមទាំងបានគាត់បានទ្រហូយំ សុំអ្នកដែលមានចិត្តសប្បុរសធម៏ជួយសង់ជម្រកស្នាក់នៅដល់គាត់ផង ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាន៍ថា នេះជាការចុះសួរសុខទុក្ខ ដល់អតីតយុទ្ធជន ដែលនៅតាមមូលដ្ឋាន គ្រប់ស្រុកក្រុង ដើម្បីឲ្យដឹងពីការស់នៅ និងការប្រកបមុខរបរ ព្រមទាំងបញ្ហាប្រឈម ព្រមទាំងភាពខ្វះខាត រួមទាំង ជំរុញឲ្យប្រធានសមាគមន៍តាមបណ្តាស្រុក ខិតខំស្រាវជ្រាវបន្តបន្ទាប់ ដល់អតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងស្រុកក្រុង និងការចំណាក់ស្រុក ដើម្បីឲ្យបងប្អូនអតីតយុទ្ធជន ទាំងអស់រៀបចំធ្វើប្រវត្តិរូបថ្មី ចូលជាសមាគមន៍ ក្នុងការទទួលសិទ្ធិ ទទួលប្រយោជន៍ផ្សេងៗ នៅថ្ងៃខាងមុខ ។
ដោយ ប៊ុន រដ្ឋា




































