ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវសហការនិងកម្លាំងនគរបាលខណ្ឌឫស្សីកែវសម្រេចចាប់ខ្លួនមុខសញ្ញាម្នាក់ ក្រោយពីរធ្វើសកម្មភាពលួចដោយកាច់ក សោរម៉ូតូ ពីរមុខផ្ទះជនរងគ្រោះ ត្រៀមអូសចេញ ក៍ត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកថាចោរៗ ផ្អើលឆោរឡោរ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំង សមត្ថកិច្ចដែលកំពុងយាមកាមល្បាតនៅក្បែរនោះចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា០២និង៣០នាទីរសៀលថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៦នៅចំណុចផ្ទះជួល ផ្លូវខាងសារិន ក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។នាយប៉ុស្ដិ៍ឫស្សីកែវលោក តូច គឹមសុង បានឲ្យដឹងថា ជនត្រូវចាប់ខ្លួនឈ្មោះ ផាម ស៊ុនវិន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរនិងស្នាក់នៅមិនពិត ប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះទូច ស្រីពៅ អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៧៧Hផ្លូវឡអិដ្ឋ ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងជាម្ចាស់ម៉ូតូម៉ាកC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ១-AY៧៨៣០ ។លោក តូច គឹមសុង នាយប៉ុស្ដិ៍ឫស្សីកែវ បានឲ្យដឹងទៀតថា ខណៈជនរងគ្រោះចត ដាក់ម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួនដោយចាក់សោរកត្រឹមត្រូវ មួយសន្ទុះក៍លិចមុខជនសង្ស័យមកធ្វើសកម្មភាពកាច់ក សោរម៉ូតូ ត្រៀមអូសចេញ ក៍ត្រូវជនរងគ្រោះឃើញនិងស្រែកថាចោរ ៗមានការផ្អើលឆោរឡោរដល់ប្រជាពលរដ្ឋ ជាពិសេសកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវនិងប្រជាការពារសង្កាត់ឫស្សីកែវមកអន្តរាគមន៍ចាប់ខ្លួនជនពាក់ព័ន្ធអំពើរចោរកម្មបានភ្លាមៗដើម្បីយកមកធ្វើការសាកសួរ ។លោកនាយប៉ុស្ដិ៍ឫស្សីកែវបានបន្តថា ក្រោយសាកសួរជនសង្ស័យរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោយកាច់ក សោរម៉ូតូ ពិតប្រាកដមែន ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យអំពើរចោរកម្ម”លួចម៉ូតូ”ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននិងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ៕
ហាស់ កំសាន្ដ




































