កំពង់ធំៈ រថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់បណ្តាលឲ្យមានអ្នករបួសធ្ងន់៣នាក់ ខណៈពេលដែលកំពុងតែ ដឹកឈើចេញពី ឃុំទំរីង ឆ្ពោះមកកាន់កំពង់ថ្ម ក៏បានដាច់ក្រឡេ ក្រឡាប់នៅចំនុច ភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យអ្នកធ្វើដំណើរមកជាមួយរថយន្ត របួសយ៉ាងធ្ងន់ធ្ងរ កាលពីយប់ម៉ោង ៩.១៥នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ ២០១៦។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ករណីដែលបង្ករឲ្យមានគ្រោះថ្នាក់ក្រឡាប់ឡាន កើតឡើងដោយសារតែ រថយន្តកូរ៉េ ចំណុះ២តោនកន្លះពណ៌ ពងក្រសារ ពាក់ស្លាកលេខ 3B-0432បានដឹកឈើគ្មានច្បាប់ ប្រភេទលេខ២ ហើយបើកយ៉ាងលឿន តាម បណ្តោយផ្លូវក្រាលគ្រោះក្រហម លុះមកដល់ចំនុចលូទឹក ក៏បានរ៉េចង្កូតធ្លាក់ចំកណ្តាលលូ បណ្តាលឲ្យក្រឡាប់ ក្រោយពីក្រឡាប់រថយន្ត ត្រូវបានគេប្រញ៉ាប់យកឈើ ចេញពីកន្លែហកើតហេតុ ចេញយ៉ាងប្រញ៉ាប់ ដើម្បីបំបាត់ភស្តុតាង មុនពេលមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ។
តៃកុងឡានកូរ៉េ ត្រូវបានគេស្គាល់ឈ្មោះ ទី ជាឈ្មួញឈើដុះស្លែរ រកស៊ីដឹកឈើខួចប្រាំងខួបវស្សា រស់នៅភូមិ តាំងគោក ឃុំស្រយោង ស្រុកបារាយណ៍ខេត្តកំពង់ធំ ចំណែកអ្នករួមដំណើរ ដែលបង្ករឲ្យរបួសធ្ងន់ស្ថិត ក្នុងស្ថានភាពគួអោយព្រួយបារម្ភណ៍ទាំងបីនាក់ ទី១ឈ្មោះ ជួន សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ ត្រពាំងឈូក ឃុំ ស្រយោង ស្រុកបារាយណ៍ របួសមុខយ៉ាងដំណំ ទី២ ឈ្មោះ ញ៉ ភេទស្រីអាយុ ៥៤ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ទី៣ ឈ្មោះ អ៊ុក គឹមស្រាន់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោយពីកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត ។
ដោយ ប៊ុន រដ្ឋា





































