កំពង់ធំៈ រថយន្តធុនយក្យដឹកលើទម្ងន់បន្តកន្ទុយគ្នា ដង្ហែរក្បួនលើផ្លូវជាតិលេខ៦ ដែលត្រូវបានមហាជន រំពឹងថា ការដឹកលើទម្ងន់នេះ គឺជាសកម្មភាពបំផ្លាញផ្លូវជាតិលេខ៦ ដែលកំពុងតែសាងសង់ បាន៧០% ដែលលាតសន្ធឹងចាប់ពីស្គុន ខេត្តកំពង់ចាម រហូតមកដល់ខេត្តកំពង់ធំ ដែលបានបង្ករឲ្យមានការខូចខាត ទើបឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ចេញបញ្ជាឲ្យឃាត់រថយន្តធុនយក្យ ទាំងអស់ដែលដឹកលើសទម្ងន់ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំបាន ឲ្យដឹងថា នៅព្រលប់ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១៦ លោកបានទទួលបញ្ជាពីឯកឧត្តម អភិបាលខេត្តកំពង់ធំ ឲ្យចាត់វិធានការទប់ស្កាត់ការដឹកជញ្ជូនរបស់ រថយន្តធុនយក្យ ដែលបានដឹកលើសទម្ងន់ហើយបានធ្វើចរាចរណ៍ នៅលើបណ្តោយផ្លូវជាតិលេខ៦ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវថ្នល់ ដែលកំពុងតែសាងសង់ ក៏ដូចជាការណែនាំឲ្យម្ចាស់យានយន្តគោរពច្បាប់ ការដឹកជញ្ជូន តាមច្បាប់កំណត់។
លោក ស្រី សុផល អនុប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការឃាត់រថយន្តនេះ គឺជាការណែនាំរបស់អភិបាលខេត្តកំពង់ធំ និងលោក ព្រះរាជអាជ្ញា ឲ្យប៉ូលិស ប៉េអ៊ឹម ស្រុកបារាណ៍ ឃាត់រថយន្តនៅតាមបណ្តោយផ្លូវ១០២ និងឃាត់នៅស្រុកបារាយណ៍ ឲ្យដើម្បីឲ្យអ្នកបើកបរ ដឹកទំនិញទាំង អស់ចូលរួមគោរពច្បាប់ ចៀសវាងការដឹកជញ្ជូនដោយការផ្ទុកលើសទម្ងន់បណ្តាលឲ្យ បាក់ស្រុតបង្ករឲ្យខូចខាតផ្លូវថ្នល់ដែលកំពុងតែសាងសង់ និងឲ្យរថយន្តដែលដឹកទំនិញទាំងអស់ ចូលថ្លឹងទម្ងន់នៅទីតាំងជញ្ជីង លោក បានបន្តថា ការឃាត់រថយន្តនេះ គឺសម្រាប់រថយន្តដែលដឹកលើសខ្លាំង និងឲ្យមានការសាងទំនិញ រំលែកដាក់រថយន្តផ្សេងៗ ចំណែករថយន្តដែលដឹកលើសបន្តិចបន្តួច ឲ្យទៅបន្តទៀត តែក្នុងនោះម្ចាស់រថយន្តទាំងអស់ ត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់ ដើម្បីឲ្យគាត់មានការចូលរួម ថែរក្សាផ្លូវថ្នល់ ទាំង អស់គ្នាព្រោះផ្លូវថ្នល់នេះជារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា បើមិនជួយគ្នាថែរក្សាវានិងខូចខាតប្រើប្រាស់ មិនបានយូរអង្វែងនោះទេ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍ សន្ទុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលព្រឹកឡើង ឃើញ រថយន្តដឹកដំឡូង ដឹកឈើ និងទំនិញផ្សេងៗរាប់រយឡាន ឈប់តាមដងផ្លូវត្រៀមត្រា សុទ្ធតែរថយន្តដឹកលើសទម្ងន់ទាំងអស់ និងបានសម្តែងនូវការព្រួយបារម្មណ៍ពីការប្រើប្រាស់ផ្លូវថ្នល់ ដែលត្រូវបានបំផ្លាញដោយសារតែរថយន្តដឹកទំនិញទាំងនេះ ។
ដោយ ប៊ុន រដ្ឋា




































