​សាកលវិទ្យាល័យ ភុ​ន​ចាប ផ្តល់​សញ្ញាប័ត្រ​បណ្ឌិត​កិ​ត្ត​យស ជូន​ប្រធាន​ក្រុមប្រឹក្សា

0

 ខេត្តបន្ទាយមានជ័យ​ៈ​ក្រុមប្រឹក្សាភិបាល គណៈ​ដឹកនាំ​គ្រប់គ្រង​សាកលវិទ្យាល័យ ភុ​ន​ចាប ប្រទេស​ប៉ា​គី​ស្ថាន បានប្រគល់​ជា​ផ្លូវការ នូវ​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ជូន​ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ និង​ដល់​ព្រះសង្ឃ ដល់​មន្ត្រី និង​បេក្ខជន​ជ័យលាភី ជនជាតិ​កម្ពុជា និង​ថៃ​ចំនួន​៣០​នាក់ ។​
​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ព្រហ្ម​បាយ័ន នា​ក្រុង​/​ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយមាន​លោកជំទាវ នួ​ម សុ​ភ័​ណ្ឌ អ្នកតំណាងរាស្ត្រ ឯកឧត្តម គោ​ស៊ុំ សារឿ​ត លោក​អភិបាលរង លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព ភ្ញៀវ​ជាតិ អន្តរជាតិ ជាច្រើន​នាក់​ចូលរួម​។​
លោក​បណ្ឌិត​សាស្ត្រាចារ្យ រ៉ា​ចា វ៉ា​ហ៊ី​ត សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ភុ​ន​ចាប បាន​ថ្លែងថា សាកលវិទ្យាល័យ​នេះ មាន​សាខា​ជាង​៤០​កន្លែង ក្នុង​ពិភពលោក និង​បាន​បង្កើត​កម្មវិធីសិក្សា​ពី​ចម្ងាយ ហើយ​ផ្តល់ឱកាស ដល់​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់ តែ​ចង់​សិក្សា​អាច​រៀន​បាន​ដោយ​ងាយស្រួល ។​
លោក​បណ្ឌិត​បាន​បន្តថា សាកលវិទ្យាល័យ​បានទទួល​ប្រវត្តិរូប ទទួល​ការចុះឈ្មោះ​សិក្សា និង​វាយតម្លៃ លើ​លទ្ធផល​នៃ​ការសិក្សា​ពី​ការងារ ដែល​បេក្ខជន​នានា​បានធ្វើ ហើយ​សម្រេច​សម្រាំង និង​ចម្រាញ់​ជម្រើស​អ្នកមាន​ចំណេះ​ជំនាញ បទពិសោធន៍ មាន​សមត្ថភាព អនុវត្ត​ជាក់ស្តែង អ្នក​ពូកែ​ប៉ិនប្រសព្វ​ទាំងឡាយ ក្នុង​ពិភពលោក ហើយ​ផ្តល់​ជា​ម្ចាស់​ជ័យលាភី ។​
​ឯកឧត្តម អ៊ុង អឿន បាន​និយាយថា លោក​បាន​បម្រើ​ការងារ​រដ្ឋ​៤១​ឆ្នាំ ហើយ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៣ ។ បន្ត​ពី​នោះ​ឯកឧត្តម ទទួល​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល រួច​បន្ទាប់មក ក៏​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុប​ប្រឹក្សា​ខេត្ត ក្នុង​អណ​ត្តិ​ទី​២ កាលពី​ចុងឆ្នាំ​២០១៣​កន្លងមក ។ ដំបូង​ឯកឧត្តម បាន​ចូល​បម្រើកងទ័ព នៅ​ឆ្នាំ​១៩៧៨​ដល់​១៩៩៩ ចុងក្រោយ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ។ រីឯ​ក្នុង​ការងាររដ្ឋបាល ឯកឧត្តម​ធ្លាប់ជា​អភិបាលរង​ខេត្តសៀមរាប​(​ខែឧសភា​ឆ្នាំ​២០០០-២០០៨),​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​(​ខែឧសភា​ឆ្នាំ​២០០៨-២០១៣),​ជាទី​ប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​(២០០៣-២០១៣)​ផងដែរ​។​
​ឯកឧត្តម អ៊ុង អឿន មានប្រសាសន៍​បន្តថា ក្នុង​មុខនាទី ភារកិច្ច ករណីយកិច្ច និង​ការទទួលខុសត្រូវ​ដែល​រដ្ឋាភិបាល និង​ប្រជាជន​ប្រគល់ជូន ឯកឧត្តម​បាន​ខិតខំ​យកចិត្តទុកដាក់ ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ជាច្រើន ដើម្បី​រួមចំណែក​កសាង​មូលដ្ឋាន​និង​ជាតិ ។​
​ក្រោយ​ចប់​សង្គ្រាម និង​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ឯកឧត្តម​ក៏បាន​ផ្តោតលើ​ការងារ​អប់រំ​បណ្តុះបណ្តាល​,​កសាង​ធនធានមនុស្ស​,​ជម្រុញ​លើកទឹកចិត្ត អ្នកសិក្សា​រៀនសូត្រ​,​ដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់ ផ្តល់​សេវា​រដ្ឋបាល សេវាសាធារណៈ​ដល់​ប្រជាជន​,​ដឹកនាំ អនុវត្ត​និង​ជម្រុញ​អភិវឌ្ឍ​ន័​លើ​គ្រប់​វិស័យ រួមចំណែក​កាត់​ប​ម្ថ​យ​ភាពក្រីក្រ និង​បង្កើន​កំណើនសេដ្ឋកិច្ច ។​
​សូមបញ្ជាក់ថា យោងតាម​ក្រុមប្រឹក្សា​សាកលវិទ្យាល័យ ភុ​ន​ចាប បាន​វាយតម្លៃ​និង​ផ្តល់ជូន​ជ័យលាភី ជា​មន្ត្រី​រដ្ឋាភិបាល ព្រះសង្ឃ អ្នក​បម្រើការ​សង្គម​ស៊ីវិល អ្នកជំនួញ អ្នកសិក្សា​រៀនសូត្រ ប្រមាណ​៣០​នាក់ មកពី​ប្រទេស​កម្ពុជា និង​ថៃ ខាងលើនេះ គឺ​បណ្ឌិត​និង​ថ្នាក់​បន្ទាប់​នូវលើ​ផ្នែក​ទស្សន​:​វី​ជ្ជា នៃ​រដ្ឋា​បាល នយោបាយ វប្ប​ធ​ម៍ សាសនា សន្តិភាព អប់រំ (Doctoral Degree in Philosophy of Administration ,Politics,Culture,Religion,and Peace Education) ។ ក្នុងនោះ​ឯកឧត្តម អ៊ុង អឿន ត្រូវ​ទទួលបាន​បណ្ឌិត​កិ​ត្ត​យស ផ្នែក​ទស្សនវិជ្ជា នៃ​រដ្ឋបាល​និង​នយោបាយ ៕