ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ហូអាន ដេ ហេហ្សូស ហីដាល់ហ្គូ ហ្គាតូ ប៉េ រ៉េស (HE. Mr. Juan de Jesús Hidalgo-Gato Péres )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។នាព្រឹកថ្ងៃទី២៩ខែកុម្ភះ ឆ្នាំ២០១៦
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះ
ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានឆ្លៀតឱកាសមកសម្តែងការគួរសម ខណៈដែលឯកឧត្តម ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋគុយបា ផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់សម្តេចប្រធាន ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តម បានចូលជួបសម្តែងការគួរសម ហើយក៏បានប្តេជ្ញាបន្តធ្វើការពង្រីងនិងពង្រីកទំនាក់ទំនង កម្ពុជា-គុយបា ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សាធារណរដ្ឋគុយបា ក៏បានអរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រគុយបា នៅគ្រប់កាលៈទេសៈ។
ជាការឆ្លើយតប សម្តេចប្រធាន សូមអរគុណសាធារណរដ្ឋគុយបា ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា នូវជំនាញ ពីគុយបា ដូចជាវិស័យ កសិកម្ម វេជ្ជសាស្ត្រ និងវិស័យផ្សេងៗទៀត។




































