ខេត្តរតនគិរីៈ គោយន្តកែច្នៃដឹកដំឡូងមីលើសទំម្ងន់ឆ្លងកាត់ស្ពានបណ្តាលអោយបាក់គល់ស្ពានទៅមុខលែងរួចហើយក៏មិនក្រឡាប់មិនបណ្តាលអោយតៃកុងនិងកម្មកររងរបួសឡើយ ហេតុការណ៍បាក់ស្ពាននេះនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
តាមប្រភពប្រជាពលរដ្ឋនៅភូមិជ្រៀក បានអោយដឹងថាជារៀងរាលថ្ងៃគាត់តែងតែឃើញគោយន្តកែច្នៃទាំងធំទាំងតូចដឹកដំឡូងមី ដឹកឈើ និងដឹកជន្លុងម្រេចឆ្លងកាត់ស្ពានចាស់ទ្រុតទ្រោមនេះទាំងយប់ទាំងថ្ងៃ តែមិនដែលមានបញ្ហានោះឡើយ ទើបតែមានហេតុការណ៍គោយន្តកែច្នៃមួយគ្រឿងនេះដឹកដំឡូងមីនេះបណ្តាលអោយបាក់ស្ពានតែម្តង។
បើតាមប្រភពម្ចាស់គោយន្តបានអោយដឹងថាមានគោយន្តកែច្នៃរបស់គេផ្សេងៗដឹកច្រើនជាងគោយន្តគាត់ទៅទៀតមិនដែលមានបញ្ហានោះទេដល់ពេលមានបញ្ហាគោយន្តរបស់គាត់ដឹកតិចជាងទៅវិញហើយក៏មានបញ្ហាបាក់ស្ពាននេះតែម្តង។
តាមសម្តីរបស់លោកធួន ភូន មេឃុំលុងឃុងបានឲ្យដឹងថាស្ពាននេះកសាងតាំងពីឆ្នាំ២០១៣អស់ទឹកប្រាក់៤៩,៧០១,៥០០ បានលុយពីបដិភាគឃុំនេះតែម្តង ហើយគម្រោងនៅឃុំរបស់លោកនេះត្រូវកសាងផ្លូវ៨គីឡូម៉ែត្រពីឃុំគាត់ឆ្លងទៅឃុំនិងស្រុកគេផ្សេងនោះ។ បញ្ហាគោយន្តកែច្នៃបណ្តាលអោយបាក់ស្ពាននេះលោកមេឃុំបានទូរស័ព្ទទំនាក់ទំនងអភិបាលស្រុកបរកែវជំរាបជូនបញ្ហាខាងលើនេះ លោកអភិបាលស្រុកបានបញ្ជាអោយគាត់ឃាត់ម្ចាស់គោយន្តធ្វើស្ពាននិងជួសជុលឡើងវិញ ហើយម្ចាស់គោយន្តកែច្នៃនោះក៏ព្រមទទួលធ្វើឡើងវិញដូចដើមវិញ នេះក៏ជាកំហុសរបស់លោកមេឃុំនោះដែរបើដឹងថាស្ពានចាស់ទ្រុតទ្រោមដោយទឹកជំនន់នាឆ្នាំកន្លងទៅហេតុអ្វីក៏លោកមេឃុំមិនដាក់បំរាមហាម ឫក៏ហៅម្ចាស់គោយន្តកែច្នៃទាំងធំ តូចនោះដែលឆ្លងកាត់ផ្លូវរបស់គាត់អោយដឹងល្មមៗបានហើយ មិនគួរណាអោយមានបញ្ហាបែបនេះទេ អ្នករងគ្រោះគឺប្រជាកសិករដែលដឹកកសិផលកសិកម្មនោះទៅវិញនោះទេ៕
ដោយ សាវុទ្ធ




































