ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាតវ៉ារឿងព្រះចៅអធិការវត្តគោកបញ្ជាក់រៀបគម្រោងចង់លក់ស្រះព្រះទន្លេដែលជាស្រះមួយប្រជាពលរដ្ឋធ្លាប់មានជំនឿថាជាស្រះស័ក្តិសិទ្ធិ ឥឡូវត្រូវបានអាជ្ញាធរ សម្រេចរក្សាទុកជាសម្បត្តិរួមមិនអនុញាតិឲ្យអ្នកណារំលោភបំពាននោះទេ ការសម្រេចបែបនេះគឺបន្ទាប់ពីអាជ្ញាធរខណ្ឌដឹកនាំដោយលោក ឃឹម ស៊ុន សូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យចុះទៅពិភាក្សាដោះស្រាយជាមួយនិងប្រជា ពលរដ្ឋកាលពីរសៀលថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅក្នុងបរិវេណវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងកិច្ចពិភាក្សារវាងប្រជាពលរដ្ឋនិងព្រះសង្ឃ នោះប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មិនអាចទទួលយកបានទេ ព្រោះលោកចៅអធិការវត្តចង់កសាងវត្តឲ្យកាន់តែរីកចំរើន ហើយបែរជាលក់ស្រះបុរាណដែលពួកគាត់ប្រើប្រាស់និងមានជំនឿស័ក្តិសិទ្ធិផងនោះ ធ្វើបែបនេះពួកគាត់មិនសុខចិត្ត នោះទេ ត្រូវតែការពារខាច់ខាត ហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានការសំណូមចំនួន៨ចំណុច ផងដែរ សូមឲ្យអាជ្ញាធរជួយដោះស្រាយ ។
ជាមួយគ្នានោះដែរ លោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍ថា បន្ទាប់ពីជួបជុំគ្នាពិភាក្សាអស់រយះពេលជាង១ម៉ោងឥឡូវបងប្អូនព្រមឯកភាពទទួល៤ចំណុច ដូច្នេះនៅសល់ចំនួន៤ចំណុចទៀត ដែលមិនអាចដោះស្រាយបាន ព្រោះចំណុចខ្លះដែលប្រជាពលរដ្ឋសំណូមពរនោះ គឺទាល់តែធម្មការខណ្ឌទើបមានសិទ្ធិសម្រេចពិភាក្សាដោះស្រាយ ដូច្នេះអ្វីចំពោះ មុខដែលយើងអាចដោះស្រាយបានគឺយើងដោះស្រាយហើយអ្វីដែលមិនអាចដោះស្រាយបានគឺយើងប្រគល់ទៅឲ្យជំនាញពាក់ព័ន្ធជាអ្នក ដោះស្រាយបន្ត។
ចុងបញ្ជាក់លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅទាំងព្រះសង្ឃនិងប្រជាពលរដ្ឋត្រូវទុកស្រះព្រះទន្លេនេះជាសម្បត្តិរួមប្រើប្រាស់ប្រយោជន៍ជូនប្រជាពលរដ្ឋមិនអនុញាតិឲ្យអ្នកណាម្នាក់រំលោភបំពាន លើស្រះនេះបានទេ ។
គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៦ប្រជាពលរដ្ឋចំនួន៥ភូមិក្នុងសង្កាត់ចោមចៅ បានលើកគ្នាមកកាន់វត្តគោកបញ្ជាក់ដោយចោទប្រកាន់ព្រះចៅអធិការវត្តថា រៀបគម្រោងលក់ស្រះព្រះទន្លេដែលជាសម្បត្តិរួម ក្រោមរូបភាពកសាងវត្តឲ្យកាន់តែរីកចំរើនបន្ថែមនោះ ដោយសារតែស្រះ បុរាណមួយចំនួននៅក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានគេចាក់លុបជាបន្តបន្ទាប់ទើបពួកគាត់នាំគ្នាមក តវ៉ាខ្លាចបាត់បង់ស្រះព្រះទន្លេនេះមួយទៀត៕




































