កំពត៖ ក្នុងសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០២ ខែមិនាឆ្នាំ២០១៦នេះមានធ្វើពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ទូទាំងខេត្តចំនួន១៩នាក់និងផ្តល់ថវិកាភូមិឃុំមានសុវត្ថិភាពដល់ប៉ុស្តិ៍រដ្ឋបាលទាំង៩៣ប៉ុស្តិ៍ក្នុងខេត្ត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការនគរបាលខេត្ត លោកស្រីឧត្តមសេនីយត្រីស្នងការរង និងមានការចូលរួមជាកិត្តិយស នាយ នាយរងការិយាលយ័ នាយ នាយរងប៉ុស្តិ៍រដ្ឋបាលទាំង៩៣ប៉ុស្តិ៍ក្នុងខេត្ត។
លោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មធុរិទ្ឋ ស្នងការនគរបាលខេត្តបានថ្លែងថាៈថ្ងៃនេះខ្ញុំមានមោទនៈភាពក្រៃលែងដោយបាននាំថវិកាសមាគមរបស់មិត្តនគរបាលដែលក្រសួងមហាផ្ទៃបានផ្តល់ជូនដល់បងប្អូនមន្ត្រីនគរបាលចូលនិវត្តន៍និងបានឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍រដ្ឋបាលឃុំទាំង៩៣ប៉ុស្តិ៍ដើម្បីបំរើសកម្មភាពការងារពង្រឹងភូមិឃុំ សង្កាត់មានសុ
វត្ថិភាព ហើយការផ្តល់ថវិកាជូននាពេលនេះផងដែរ សំរាប់មន្ត្រីនគរបាលជានិវត្តន៍ជនមានចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤លានរៀល។ ចំណែកការផ្តល់ជូនសំរាប់ពង្រឹងការងារភូមិឃុំមានសុវត្ថិភាពចំនួន៩៣ប៉ុស្តិ៍រដ្ឋបាលក្នុងមួយប៉ុស្តិ៍ទទួលបានថវិកាចំនួន១លាន២សែនរៀល។
លោកស្នងការបានថ្លែងបន្តទៀតថាៈ ថវិកាសមាគមមិត្តនគរបាលដែលបានផ្តល់ជូនដល់បងប្អូនមន្ត្រីនគរបាលដែលបានចូលនិវត្តន៍ចំនួន៤លានរៀលក្នុងម្នាក់ៗនាពេលនេះគឺដើម្បីជួយដោះស្រាយនិងរំលែកដល់ទុក្ខលំបាកក្នុងគ្រួសាររបស់បងប្អូនបានធូរស្រាលការខ្វះខាតក្នុងមួយកំរិតផងដែរ។ ចំណែកថវិកាដែលបានផ្តល់ជូនដល់ប៉ុស្តិ៍រដ្ឋបាលក្នុងមួយប៉ុស្តិ៍ទទួលបាន១លាន២សែនរៀលនេះគឺសំរាប់មន្ត្រីនគរបាលប៉ុស្តិ៍យើងយកទៅបំរើការងារភូមិឃុំមានសុវត្ថិភាពនិងសំរាប់តម្រូវការចាយវាយក្នុងកិច្ចការសកម្មភាពពង្រឹងភូមិឃុំមានសុវត្ថិនៅក្នុងមូលដ្ឋានរបស់យើង៕




































