បន្ទាយមានជ័យ៖ វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាប្រធានបទសំខាន់ក្នុងពិធីអបអរសាទរខួបលើកទី១០៥ទិវាអន្តរជាតិនារី០៨មីនាដែលប្រារព្ធធ្វើនៅសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០១៦នេះ
ក្រោមអធិបតីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។ពិធីនេះដែរមានមន្ត្រីរាជការនិងស្ត្រីចូលរួមប្រមាណ៤០០នាក់។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យបានលើកឡើងថា ការលើកយកប្រធានបទ”វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព”មកធ្វើជាយុទ្ធនាការឆ្នាំនេះគឺបានបង្ហាញអំពីតម្រូវការនៃការគៀងធនធានហិរញ្ញវត្ថុនិងធនធានមនុស្សអោយបានគ្រប់គ្រាន់សម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពអោយបានជោគជ័យ។ការបង្កើននូវភាពវិនិយោគលើសមភាពយេនឌ័រនៅគ្រប់វិស័យ សេដ្ឋកិច្ច ការធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈនិងនយោបាយ សុខាភិបាល អប់រំ និងការលុបបំបាត់អំពើហឹង្សាលើស្ត្រីផ្តល់នូវឧត្តមប្រយោជន៍ជាច្រើន ហើយមិនត្រឹមតែសំរាប់ស្ត្រីប៉ុណ្ណោះទេក៏សម្រាប់បុរស កុមារ សហគមន៍និងសង្គមជាតិទាំងមូលផងដែរ។
ឯកឧត្ដម គោ ស៊ុសារឿត អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថាការប្រារព្ធទិវាក្រោមប្រធានបទ”វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព”នេះគឺដើម្បីជម្រុញអោយមានកិច្វខិតខំប្រឹងប្រែងរួមគ្នារវាងបុរសស្ត្រីប្រយោជន៍បង្កើនការវិនិយោគ ទាំងធនធានមនុស្សនិងសេដ្ឋកិច្ច សំដៅលើកកម្ពស់សមភាពយេនឌ័រពិសេសពង្រឹងភាពអង់អាចរបស់ស្ត្រីនៅកម្ពុជា និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។លោកបន្តថាស្ត្រីគឺជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចសង្គមជាតិនិងជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម បានធ្វើការអំពាវនាវអោយមានការគោរពច្បាប់ចរាចរ គេចវេះពីគ្រឿុំងញៀន និងគ្មានអំពើហឹង្សា។មួយវិញទៀតចំពោះបងប្អូនដែលមិនទាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ សំបុត្រកំណើត អត្រានុកូលដ្ឋាន ត្រូវតែនាំគ្នាទៅធ្វើអោយបានគ្រប់ៗគ្នា៕ដោយ:ឃិន គន្ធា




































