ភ្នំពេញ៖ ក្រុមកម្មករកម្មការិនីជាង៣០នាក់ បម្រើការងារនៅក្រុមហ៊ុនកាត់ដេរ ជុនចៅ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានទន់ដៃទន់ជើងដួលសន្លប់ជាបន្តបន្ទាប់ នៅម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានគេដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យស្ថិតនៅក្នុង ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា រោងចក្រមានយីហោថា ជុន ចៅ មានកម្មករ៦០នាក់ និងកម្មការិនី ២៩០នាក់ ហើយកម្មករ កម្មការិនីដែល ដួលសន្លប់ នោះមានចំនួន ៣០នាក់ ចំពោះមូលហេតុ នៃការដួលសន្លប់នេះ គេមិនទាន់ដឹងច្បាស់ ថាមកពីអ្វីនោះទេ មន្ត្រីជំនាញកំពុងតែ ធ្វើការស្រាវជ្រាវ រកមូលហេតុ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានកម្មការិនីម្នាក់ ដោយគេមិនស្គាល់ ឈ្មោះនោះទេ បានទៅបន្ទប់ទឹក ក្រោយមកចេញ ពីបន្ទប់ទឹកស្រាប់តែ ឃើញកម្មការិនី រូបនោះដួលសន្លប់ ទើបបង្កឲ្យភ្ញាក់ផ្អើល ដល់កម្មករ កម្មការិនីផ្សេងទៀត ដួលសន្លប់ជា បន្តបន្ទាប់តែម្តងទៅ ក្រោយកើតហេតុនោះ ភាគីរោងចក្របានបញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ដើម្បីជួយសង្គ្រោះជាបន្ទាន់។
ប្រភពពីកម្មករបាននិយាយថា ការដួលសន្លប់ របស់កម្មករ កម្មការិនីទាំង ៣០នាក់នេះ ទំនងជាបណ្តាល មកពីបរិស្ថាន នៅក្នុងរោងចក្រ មិនល្អខ្យល់កង្ហា មិនគ្រប់គ្រាន់ បង្គន់ក៏មិនមាន អនាម័យល្អ ដូច្នេះវាផ្គួបផ្សំគ្នា ទើបបង្កឲ្យមានហេតុការ នេះកើតឡើង។




































