បន្ទាយមានជ័យ ៖ ការស្លាប់របួសចាប់ខ្លួន ដាក់ពន្ធនាគា ពីសំណាក់សមត្ថកិច្ចថៃ ទៅលើពលរដ្ឋខ្មែរដែលធ្វើសកម្មភាពចូលទៅកាប់ឈើតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០១៥ កើតមានឡើយរហូតដល់៣៤លើក នេះបើតាមរបាយការណ៍បូកសរុបសង្ខេបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ មីនា ២០១៦ នៅសណ្ឋាគា លី ហេងឆាយ ក្រុងប៉ោយប៉ែត ក្រោមអធិបតីយ្យភាពឯកឧត្តម សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែន ។
បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ
ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងរបាយការណ៍ឆ្នាំ២០១៥ ពលរដ្ឋកម្ពុជាត្រូវបានបង្ក្រាបក្នុងករណីកាប់ឈើមាន៣៤លើក ក្នុងដោយសមត្ថកិច្ចថៃចំនួន៣១លើក និងសមត្ថកិច្ចកម្ពុជា ចំនួន៣លើក បណ្តាលអោយរងរបួស៤នាក់ ស្លាប់៥នាក់ រត់រួច១៥នាក់ ចាប់រួចលែងវិញ១៥នាក់ ចាប់ខ្លួន៥៤នាក់ រឹមអូសឈើគ្រញូងបាន៦៣ដុំ កាបូបដាក់ខោអាវមួយរណាយន្ត១ រណាយក្យ២ ទីបដោះសោរមួយ ជញ្ជីង១ ពូថៅ៤ រថយន្ត២គ្រឿង គ្រាប់បែកដៃ១គ្រាប់ ។ ក្រៅពីការបង្ក្រាបលើករណីចូលកាប់ឈើនេះ ក៏មានការបងបង្ក្រាបលើករណីគ្រឿងញៀន លើពលរដ្ឋខ្មែរចំនួន៣៧លើក ដោយសមត្ថកិច្ចថៃ១៤លើក ។ 
ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មានទីតាំងស្ថិតនៅក្រោយសាលាក្រុងប៉ោយប៉ែត ទទួលខុសត្រូវលើភូមិសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចម្ងាយប្រមាណ៣០៣គីឡូម៉ែត្រ ដោយគិតចាប់ពីច្រកមុំ៣ខេត្តព្រះវិហា រហូតច្រកអន្តរជាតិចាំយាមខេត្តកោះកុង ដោយចែកចេញជា២៤ច្រក ក្នុងនោះមានច្រកអន្តរជាតិចំនួន៦ ។
តាមការសន្និដ្ឋានឆ្នាំ២០១៥កន្លងទៅនេះ សភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានលក្ខណៈបង្គួរ គឺនៅតាមភូមិសាស្ត្រ ច្រកទ្វារព្រំដែនមួយចំនួនធំ មានកិច្ចសហការណ៍ល្អ ជាមួយស្ថាប័ណ្ណ ក៏ដូចជាកិច្ចសហប្រតិបត្តិជាមួយភាគីថៃ ធ្វើអោយការងារព្រំដែនមានភាពងាយស្រួលច្រើន ។ 
ក្នុងពិធីនេះដែរឯកឧត្តម សៀក សុជាតិ នាយកទីចាត់ការការងារព្រំដែន បានមានប្រសាសន៍កោតសរសើដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការងារសហប្រតិបត្តិការណ៍ជាមួយភាគីថៃ បានយ៉ាងល្អបង្ករភាពងាយស្រួលដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបបញ្ហាត្រូវបានដោះស្រាយ ។ តែលោកបានជម្រុញធ្វើយ៉ាងណា បន្តការខិតខំប្រឹងប្រែង ក្នុងកិច្ចការងារស្នូលអោយកាន់តែល្អ និងក្តាប់អោយមានរាល់ព័ត៍មាន ដែលកើតមានឡើងតាមបន្ទាត់ព្រំដែន ៕




































