ភ្នំពេញៈ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ភ្លើងបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីព្រះបរមរាជវាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទា បាញ់ និងឯកឧត្តម លោកជំទាវជា សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការជាច្រើនរូបផងដេរ។
ក្នុងឱកាសនោះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានថ្លែងវិយោគថា មរណៈភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ គឺជាបាត់បង់ឥស្សរសជនខ្មែរដ៏ឧត្តុងឧត្តមមួយរូប ដែលបានចូលរួមយ៉ាងសកម្មបំផុតក្នុងការតស៊ូធ្វើពលិកម្មដ៏ធំធេងដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី រួមចំណែកក្នុងការស្តារ និងក៏សាងប្រទេសជាតិឡើងវិញពីគំនរផេះផង់ដែលបានបន្សល់ទុកដោយសារភ្លើងសង្គ្រាម ដោយបាននាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល។
រូបកាយឯកឧត្តមនាយឧត្តមសេនីយ៏ ប៉េង ប៉ាត់ បានបាត់បង់ទៅក៏ពិតមែន តែគំរូវីរៈភាពដ៏ថ្លៃថ្លាក្នុងការបូជាជីវិតបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដ៏ឥតនឿយហត់រហូតដល់ថ្ងៃអវសានជីវិត បានស្ថិតនៅដក់ជាប់ក្នុងសន្តានចិត្តមហាជន យុទ្ធមិត្ត និងអ្នករួមការងារ ជាពិសេសលោកជំទាវឧបនាយករដ្ឋមន្ត្រីជាភរិយា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងញាតិមិត្ត បងប្អូនទាំងអស់ជានិច្ចនិរន្ត។
ឯកឧត្តម បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ញាតិមិត្ត បងប្អូនជិតឆ្ងាយ ទៅកាន់សុគតិភពជាទីដ៏សុខសាន្ត គ្មានទុក្ខភ័យ ។ប៉ុន្តែអ្វីដែលបន្សល់នៅ ហើយមិនទាន់រលត់សូន្យបង់ដូចរូបកាយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៏ គឺសេចក្តីល្អ អំពើល្អជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពសកម្មអង់អាចក្លាហាន ភាពតស៊ូអំណត់ព្យាយាម ភាពម៉ឹងម៉ាត់ក្នុងការងារ ភក្តីភាព និងស្នាដៃដ៏ធំធេងរបស់ឯកឧត្តមចំពោះសង្គមជាតិ ចំពោះវិស័យព្រះពុទ្ធសាសនា និងចំពោះប្រជាជនកម្ពុជាទាំងមូល។ គុណធម៌ដ៏ឧដ្តុង្គឧត្តមនេះ និងមិនបាត់បង់ឡើយ ហើយនឹងស្ថិតនៅជាអមតៈអស់កាលជាដរាបរៀងទៅ។
សូមគោរពវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានទៅសោយសុខក្នុងសុគតិភព និងសូមងាកក្រោយឲ្យពរដល់មាតុភូមិកម្ពុជាសូមបានសុខសន្តិភាព វឌ្ឍនភាព សុភមង្គល និងជួយបីបាច់ថែរក្សាលោកជំទាវឧបនាយករដ្ឋមន្ត្រី ជាឧត្តមភរិយា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ឲ្យស្គាល់តែសេចក្តីសុខ ចម្រុងចម្រើន និងសម្បូរសប្បាយតរៀងទៅ។





































