ខេត្តសៀមរាប ជាមួយនឹងការប្រើប្រាស់ខ្សែជីវិតអស់រយៈពេល២៣ឆ្នាំនៅក្នុងខេត្តសៀមរាប តាមរយៈនៃការធ្វើសកម្មភាពសប្បុរសធម៌របស់លោក សាលា អង់រីកូ ! លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បាននិយាយប្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូថា៖ លោក សាលា អង់រីកូ គឺជាសប្បុរសជនស្វីស បេះដូងខ្មែរ ។ លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ គឺនៅក្នុងឱកាសនៃពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាថ្មី១ខ្នង ស្មើនឹង៥បន្ទប់ ដែលលោក សាលា អង់រីកូ បាននាំយកមកកសាងជូនវិទ្យាល័យពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦ ដែលការសម្រេចបានសមិទ្ធផលថ្មីនេះ ត្រូវបានអនុវត្តន៍ដោយគម្រោងមួយដែលមានឈ្មោះថា គម្រោងសាលា អង់រីកូ និងជនរួមជាតិស្វីស ។អាគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់នេះ បានចំណាយថវិកាសាងសង់ និងមានបំពាក់គ្រឿងសង្ហារឹមផងដែរ អស់ប្រមាណជា ជិត ៥ម៉ឺន ដុល្លាអាមេរិក ។
បើតាមសេចក្តីរាយការណ៍របស់លោក ម៉ៅ វិសុទ្ធអភិបាលស្រុកពួក បានបញ្ជាក់ថា៖ រយៈពេល១១ឆ្នាំមកហើយ ដែលលោក សាលា អង់រីកូ បាននាំមកនូវទឹកចិត្តដ៏សប្បុរសនៃជនរួមជាតិស្វីស តាមរយៈនៃគម្រោងរបស់គាត់ ដើម្បីកសាងសមិទ្ធផលនានានៅក្នុងវិទ្យាល័យពួក បំពេញសំណូមពរនៃកំណើនសិស្ស ។ របាយការណ៍នោះបានបង្ហាញថា ៖ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦នេះ សមទ្ធផលដែលវិទ្យាល័យពួក បានទទួលពីគម្រោងសាលាអង់រីកូនិងជនរួមជាតិស្វីស រួមមានអាគាសិក្សា៧ខ្នង ស្មើនឹង៣៥បន្ទប់ បណ្ណាល័យ១ខ្នង ស្មើ២បន្ទប់ សាលប្រជុំធំមួយ និងបង្គន់អនាម័យ៨បន្ទប់ ដែលមានតម្លៃសារុបស្មើនឹង ២៦៦ពាន់ ៧២៥ ដុល្លាអាមេរិក ។
លោក សាលា អង់រីកូ មានប្រសាសន៍ថា ៖ សមិទ្ធផលទាំងអស់ដែលបានកើតឡើងនៅក្នុងវិទ្យាល័យពួកនេះ វាគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការជាឋាមពលដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ប៉ុន្តែសមិទ្ធមួយក្នុងចំណោមសមិទ្ធផលទាំងនោះ គឺសាលប្រជុំដែលត្រូវបានជួសជុលចេញពីភាពទ្រុឌទ្រោម ហើយក៏ជាអតីតអាគារសិក្សាសំណល់ពីឆ្នាំ១៩៦០ សម័យសង្គមរាស្ត្រនិយម ដែលត្រូវបានរបបប៉ុលពត យកធ្វើជាទីឃុំឃាំង ។ លោកថា ៖ សាលាប្រជុំ ដែលត្រូវបានជួសជុលកែលម្អថ្មីនេះវាគឺជាតំណាងនៃការរស់ឡើងវិញនៃវិស័យអប់រំសិក្សាធិការជាតិ បន្ទាប់ពីត្រូវបានផុតរលត់ក្នុងសម័យប៉ុលពត នោះ ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានរំលឹកអតីតកាលដែលថា ៖ កម្ពុជា ! ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ គឺប្រៀបបីដូចជា ក្តាម ឬ បង្កងសក ដែលវាទន់ មិនអាចកម្រើកដៃជើងបាន ក៏ប៉ុន្តតាមរយៈនៃការស្តារនិងកសាងមាតុភូមិដ៏កំសត់មួយនេះឡើងវិញ វិស័យអប់រំសិក្សាគឺជាចំណែកមួយដ៏សំខាន់ ជាមួយនឹងវិស័យសុខាភិបាល បានធ្វើឲ្យកម្ពុជា អាចធ្វើដំណើរបានលើមាគ៌ានៃការអភិវឌ្ឍន៍ ។ លោក សាលា អង់រីកូ រយៈពេល២៣ឆ្នាំកន្លងមកនេះ បាននាំមកនូវសមិទ្ធផលជាច្រើន រួមអភិវឌ្ឍន៍សហគមន៍ជនបទក្នុងខេត្តសៀមរាប ក្នុងនោះដែលភាគច្រើនគឺជាអាគារពេទ្យ និងអាគារសិក្សា ដែលសក្ខីកម្មទាំងនេះហើយ ដែលលោកអភិបាលរងខេត្តសៀមរាបរូបនេះ បាននិយាយថា លោក សាលា អង់រីកូ ជាសប្បុរសជនស្វីស តែបេះដូងខ្មែរ ៕




































