ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តហុងដាសេរីចាស់ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង ហើយជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាបន្ថែមទៀត បណ្តាលឱ្យរថយន្តរងការខូចខាត និងដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង៤០នាទៅរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពានអាកាស៧មករាខាងកើត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក ហុងដាសេរីចាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-0897 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបរតាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ឡើងមកលើស្ពានអាកាស៧មករា ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៦កង់ ហើយរថយន្តបង្កបានបន្តទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឱ្យរថយន្តរងការខូចខាត និងដាច់កាឡេទៅមុខលែងរួច សំណាងល្អមិនបណ្តាលឱ្យនណារម្នាក់មានគ្រោះថ្នាក់ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕ ដោយ៖ជីម ភារ៉ា




































