ជនសង្ស័យ​មួយក្រុម​ដេញតាម​វាយ​ប្លន់​យក​ម៉ូតូ​អស់​៣​គ្រឿង​ពី​យុវជន​មួយក្រុម ២​កន្លែង​ផ្សេងគ្នា​ក្នុង​ទឹកដី​ខណ្ឌដូនពេញ​

0

​ភ្នំពេញ ជនសង្ស័យ​មួយក្រុម​បាន​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​មួយក្រុម ២​ដង នៅ​កន្លែង​ផ្សេងគ្នា​និង​យក​ម៉ូតូ​អស់​៣​គ្រឿង ។ ហេតុការណ៍​ទី​១​លើ​ឡើង​កាលពី​វេលា​ម៉ោង​៤​នឹង​១០​នាទី​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ ក្បែរ​ផ្សារកណ្តាល ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ និង​ទី​២​វេលា​ម៉ោង​៤​នឹង​៤០​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​មុខ​វិមាន​សន្តិភាព តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
ក្រុម​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​ជាច្រើន​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ​ដើរលេង ខ​ណះ​មកដល់​ចំណុច​ក្បែរ​ផ្សារកណ្តាល ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​បានមក​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​Zoomer x មួយគ្រឿង​ពី​ពួកគេ​បានសម្រេច​រួ​ខ​ក៏​ជិះ​គេចខ្លួន​អស់​តែម្តង តែ​មិនមាន​អ្នករងរបួស​នោះទេ​។ ប្រភព​បន្តថា បន្ទាប់ពី​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​បាត់​ពួកគេ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ​របស់ខ្លួន​អោយមក​ជួបជុំគ្នា​នៅមុខ​វិមាន​សន្តិភាព មិនទាន់​ដឹងអី​ផង​ស្រា​ន់​តែ​ក្រុម​ជនសង្ស័យ​ដដែល​បាន​ជិះ​មក​ឃើញ​ម្តងទៀត ក៏​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច​២​គ្រឿង​ទៀត ដោយ​ពួកគេ​នាំគ្នា​រត់ចោល​ម៉ូតូ​ព្រោះ​ភ័យ​ខ្លាំងពេក ពេល​ឃើញ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​គ្រប់​ដៃ​បែប​នោះ​។​
ក្រោយមក​ក្រុម​ជនរងគ្រោះ​បានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ហើយ​ក្នុងករណី​ប្លន់​នេះដែរ សមត្ថកិច្ច​សឹង​មិន​ជឿថា​ជា​ករណី​ប្លន់ ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​ថាបើ​មិន​ប្លន់​យ៉ាង​មេច​បើ​យក​ម៉ូតូ​ពួកខ្លួន​អស់​៣​គ្រឿង​ទៅហើយនោះ​៕​ដោយ​៖​ជី​ម ភា​រ៉ា​