កំពង់ធំៈ ជាមោទនភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលមានសណ្ឋាគារជាប់លំដាប់ផ្កាយ៤ សម្រាប់បំរើសេវាកម្មស្នាក់នៅរបស់ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានផ្តោតសារៈសំខាន់បំផុត ក្នុងវិស័យទេសចរណ៍ ខណៈពេលដែលអាជ្ញាធរខេត្តកំពង់ធំ បានខិតខំនិងយកចិត្តទុកដាក់ កំពុងតែបើកទ្វារចំហរស្វាគមន៍ អ្នកវិនិយោគ គ្រប់វិស័យស្របពេលដែល ខេត្តកំពង់ធំមានសក្តានុពលក្នុងការអភិវឌ្ឍន៍ ។
ជាក់ស្តែងសណ្ឋាគារក្លរៀល&ស្ប៉ា គឺជាសមិទ្ធផលមួយថ្មី ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការអញ្ជើញចូលរួម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំចូលរួមយ៉ាងអធឹកអធ័ម។
លោកស្រី គឺ វ៉ាន់ថន អគ្គនាយកសណ្ឋាគារ ក្លរៀល&ស្ប៉ា បានបញ្ជាក់ នៅខេត្តកំពង់ធំ គឺជាចំនុនកណ្តាលនៃប្រទេសកម្ពុជា ភ្ញៀវទេសចរណ៍ បានធ្វើដំណើរឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ នឹងជាចំនុច ចាប់អារម្មណ៍សម្រាប់ការស្នាក់នៅរបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ ទើបបានវិនិយោគផ្នែកសណ្ឋាគារ ដើម្បីរួមចំណែកក្នុងវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ។ ទើបបានកសាងឡើងកាលពីថ្ងៃទី ២៥ខែតុលា ឆ្នាំ២០១២ ទើបបញ្ចប់ការសាងសង់ក្នុងថ្ងៃនេះ លើផ្ទៃដី១៤.៩១៩ម៉ែត្រការ៉េ ដែលមានចំនួន៨៩បន្ទប់ និងសាលប្រជុំចំនួន២ ក្នុងនោះបានផ្តល់ការងារដល់ដល់បុគ្គលិកចំនួន៤៥នាក់ ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សមិទ្ធផលសណ្ឋាគារនេះគឺជាការចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋ តាមការផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋ មួយចំនែក និងមួយចំណែកទៀតគឺជួយកាត់បន្ថយចំណាក់ស្រុក និងការការរួមចំណែកការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជាចំនុចកណ្តាល សម្រាប់ការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ដូច្នេះត្រូវរួមគ្នាជួយគ្នាលើកស្ទួយវិស័យទេសចរណ៍ ទាំងសណ្តាប់ធ្នាប់ អានាម័យ ឲ្យក្លាយជាទីក្រុងស្អាត រមណីយ៍ដ្ឋានស្អាត វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសពណ៌បៃតង កម្ពុជាបានក្លាយជាគោលដៅទេសចណ៍អន្តរជាតិ ដែលរំពឹងថានិងមាន ភ្ញៀវទេសចរណ៍មកទស្សនាជាង៤លាននាក់ ហើយក្នុងឆ្នាំ២០២០ និងមានភ្ញៀវទេសចរណ៍ ៧លាននាក់ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជនជាតិចិន កំពុងតែមានគោលដៅទេសចរណ៍ក្នុងប្រទេស កម្ពុជា និងជម្រុញឲ្យប្រជាពលរដ្ឋខ្មែរសិស្សាភាសារបទេស ជាពិសេសភាសាចិន ។ ដោយ ប៊ុន រដ្ឋា





































