កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំកម្លាំងមាន ប៉េអ៊ឹម និងកម្លាំងតំបន់ ប្រតិបត្តិកាសឹករងកំពង់ធំ ចុះបង្ក្រាបរថយន្ត ដែលបានលបលួចដឹកឈើគ្រញូង ដោយខុសច្បាប់ និងបានធ្វើសកម្មភាពដឹកជញ្ជូនតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រូវបានសមត្ថកិច្ចក្របួចបាន ខណៈពេលដែលបានបើកចូលក្នុងផ្ទះមួយស្ថិតនៅក្នុងចំការ ខណៈពេលដែលម្ចាស់ផ្ទះដេកលក់ស្កប់ស្កល់ រំលោកអាធ្រាតឈានចូលថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០១៦។
សកម្មភាពនៃការបង្ក្រាបនេះ បានកើតឡើងនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ សមត្ថកិច្ចបានឃាត់បានរថយន្តបាឡែន មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AC-3088 ពណ៌ខ្មៅ ខណៈពេលដែល លោក អ៊ិត សុធា ព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងតាមចាប់រថយន្តដឹកឈើគ្រញូងចំនួន ៣គ្រឿង គេពុំមានឃើញវត្តមាន លោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ឬសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្ទោង ចូលរួមបង្ក្រាបនោះទេ ដែល ត្រូវបានគេសង្ស័យថា ដេកលក់ស្កប់ស្កល់ឬក៏ធ្វើមិនដឹងមិនឈឺឆ្អាល ទើបបណ្តាលឲ្យរថយន្តដឹកឈើគ្រញូងដឹកបន្ត កន្ទុយគ្នាដោយគ្មានការបង្ក្រាប។
តៃកុងយន្តដឹកឈើគ្រញូង បន្ទាប់ពីចាល់ច្រកខណៈពេល ដែលសមត្ថកិច្ចដឹកនាំដោយលោក ព្រះរាជអាជ្ញា តាមកកិត ទើបសម្រេចចិត្តចូលផ្ទះអ្នកភូមិមួយ ស្ថិតនៅក្នុងចំការស្វាយចន្ទីរ ថែមទាំងសំឡុតគំរាមកម្មករ២នាក់ប្តីប្រពន្ឋដែលបានដេកក្នុងផ្ទះចាំចំការ ហើយគំរាមសម្លាប់មិនឲ្យខលទូរស័ព្ទទៅប្រាប់អ្នកណាដាច់ខាត ។
អ្នកស្រីដែលត្រូវបានជាប់ការសង្ស័យថា ពាក់ព័ន្ឋនឹងការដឹកឈើគ្រញូងនេះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេល កើតហេតុ មានបុរស២នាក់ ម្នាក់ស្គមសម្បុរ សរ ម្នាក់មាឌធំខ្មៅ បានជិះរថយន្តមកឈប់នៅមុខរបង ហើយបានដើរចូលមកផ្ទះ បានលូកដៃតាមបង្អួចចាប់ក្បាលប្តីរបស់គាត់ ហើយសំឡុតឲ្យយកកូនសោរបង ទៅចាក់សោរដើម្បីយក ឡានចូលមកក្នុងផ្ទះ ក្នុងសភាពការនោះបានធ្វើឲ្យមានការភ័យស្លន់ស្លោរ ទើបក្រុមនោះដើរបណ្តើរប្តីគាត់ទៅចាក់សោ របងលុះមកឡានចូលមកក្នុងជម្រកផ្ទះ អ្នកទាំងពីនាក់គំរាមមិនអោយខលទូរស័ព្ទទៅណាជាដាច់ខាត លុះក្រោយមក បាត់អ្នកទាំងពីក៏ស្រាប់តែមាន សមត្ថកិច្ចប៉ូលិសមក ចាប់គាត់ និងប្តីគាត់ យកទៅអធិការស្រុកប្រាសាទបាល្ល័ង្គ លុះព្រឹកឡើងទើបនាំ២នាក់ប្តីប្រពន្ឋមកសួរនាំនៅ ផ្នែករដ្ឋបាលព្រៃឈើស្ទោង ។
តាមការអោយដឹងពីលោក អនុសេនីយ៍ទោ យឹម ភាន់ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ លោកបានបញ្ជាក់ ថាផ្ទះនោះជាផ្ទះរបស់លោក ដែលបានសាងសង់ក្នុងចំការ ចំណែកមនុស្ស២នាក់ប្តីប្រពន្ឋនេះ ជាអ្នកស៊ីឈ្មួល បេះផ្លែស្វាយចន្ទីរឲ្យគាត់ និងពុំមានការពាក់ព័ន្ឋនឹងការជួញដូរឈើគ្រញូងនោះទេ ចំណែកខ្លួនលោកនៅពេលកើតហេតុ លោកបានបញ្ជាក់ថា លោកអធិការបានឲ្យលោកឡើងទៅប្រិយប្រស់ ដើម្បីតាមដានមុខសញ្ញាកាដឹកជញ្ជូនឈើ ដោយខុសច្បាប់ ពាក់ព័ន្ឋនឹងរថយន្តដឹកឈើគ្រញូងចូលផ្ទះរបស់គាត់ គឺលោកបានបដិសេធទាំងស្រុងដោយពុំមានការពាក់ព័ន្ឋឡើយ។
តែទោះជាយ៉ាងណានោះ ក៏នៅតែមានកាសង្ស័យពីសំណាក់មហាជនថា លោក យឹម ភាន់ គឺជាមុខសញ្ញាធ្លាប់ពាក់ ព័ន្ឋនឹងបទល្មើសឈើគ្រញូង នៅថ្ងៃកើតហេតុ រថយន្តដឹកឈើគ្រញូងបានបើកចូលទៅលាក់ខ្លួនក្នុងផ្ទះរបស់លោក ចំណែកឈើគ្រញូងដែលសមត្ថកិច្ចបានធ្វើការវាស់វែង មានចំនួន៥៥ដុំ ស្មើរនឹង ១៧០០គ.ក ឈើមួយចំនួនមានឈ្មោះ ភាន់ ដែលវាត្រូវគ្នានិងឈ្មោះម្ចាស់ផ្ទះ ខណៈនេះសមត្ថកិច្ចកំពុងតែបើការស្រាវជ្រាវបន្ត ដោយសារតែអ្នក២នាក់ប្តីប្រពន្ឋដែលត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនមកនោះ គឺត្រូវជាប្អូនបង្កើតរបស់លោក អនុសេនីយ៍ទោ យឹម ភាន់ ហើយការយករថយន្តទៅលាក់ទុកក្នុងផ្ទះរបស់លោក នោះត្រូវបាន គេដាក់ការសង្ស័យថា ជាការរៀបចំរបស់លោក យឹម ភាន់។
ដោយ ប៊ុន រដ្ឋា





































