ភ្នំពេញៈស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការស្តារ អភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយបច្ចុប្បន្នក្នុងជួររដ្ឋាភិបាល ក្រសួង ស្ថាប័ននានា បាននឹងកំពុងតែមានស្ត្រីជាថ្នាក់ដឹកនាំ ដែលទាំងនេះបានបង្ហាញឱ្យឃើញថា ស្ត្រីក៏មានចំណេះដឹង និងសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការបំពេញការងារធំៗបានដែរ មិនដូចពាក្យចាស់បុរាណពោលថា ស្ត្រីបង្វិលចង្ក្រានមិនជុំនោះទេ ។
នេះជាការលើកឡើងរបស់លោក វើក សាមឿន ចៅសង្កាត់ដង្កោ ក្នុងពិធីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៥ ( ១៩១១-២០១៦ ) ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ដែលបានធ្វើឡើងនៅក្នុងបរិវេណសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ។
លោក វើក សាមឿន បានបញ្ជាក់ថា នារីគឺមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំសង្គមជាតិ គឺមានសិទ្ធស្មើរនិងប្រុសដែរ ដូច្នេះសូមឲ្យថ្នាក់ដឹកនាំបេក្ខភាពជានារី គ្រប់ស្ថាបណ្ណ័គ្រប់អង្គភាពកំពុងបម្រើការងារនៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថារាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ក្នុងការរួមចំណែកជំរុញប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកចៅសង្កាត់បន្ថែមថា កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ជំនួយស្មារតីនិងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារីនៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ។ ក្រោយមកលោក វើក សាមឿន ចៅសង្កាត់ដង្កោ ក៏បានជូនសារុង១ និងថវិការម្នាក់២ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ១១៩នាក់ ដែលមកពី៦ភូមិក្នុងសង្កាត់ ជាការលើកទឹកចិត្តផងដែរ ៕




































