ភ្នំពេញៈ ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីបានធ្វើសកម្មភាពភ្ជង់និងវាយប្លន់យកម៉ូតូពីរយុវជន២នាក់ តែមិនបានសម្រេច ដោយសារតែប្រតាយប្រតប់ជាមួយជនរងគ្រោះ គឺយកបានតែទូរស័ព្ទដៃ គ្រឿងអលង្ការ និងលុយមួយចំនួនប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមសម្តីជនរងគ្រោះទាំង២នាក់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេបានចេញពីផឹកសុីនៅផ្ទះរបស់ខ្លួននៅម្តុំអង់តែនទួលគោក ហើយនៅវេលាមម៉ោងកើតហេតុពួកគេទាំង២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FM-0209 បំណងទៅយកមិត្តភក្ត្រអោយទៅផ្ទះរបស់ខ្លួន ខណះមកដល់ចំំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ជិះម៉ូតូច្រើនគ្រឿងមកកាកពីមុខម៉ូតូអោយឈប់ រួចដកកាំភ្លើងភ្ជង់ប្លន់យកទូរស័ព្ទគ្រឿងអលង្ការ និងលុយអស់មួយចំនួន។ ហើយក្រុមជនសង្ស័យបំណងយកម៉ូតូតែជនរងគ្រោះមិនព្រមក៏បានប្រតាយប្រតបគ្នាទៅវិញទៅមក និងវាយជនរងគ្រោះនឹងស្នាប់កាំភ្លើង ហើយជនរងគ្រោះបានចាក់សោរកម៉ូតូ និងបោះសោរចោល រួចស្រែកឆោឡោឡើង ទើបក្រុមជនសង្ស័យគេចខ្លួនបាត់អស់។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនោះ ដោយឃើញយុវជនម្នាក់ជាជនរងគ្រោះបានបណ្តើរម៉ូតូទាំងជាប់សោរក ក៏ឃាត់ខ្លួនធ្វើការសួរនាំ ប៉ុន្តែដោយសារតែគេស្រវឹងស្រាពិបាកនិយាយគ្នាទើបសមត្ថកិច្ចនាំជនរងគ្រោះនិងម៉ូតូ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ៕ដោយៈជីម ភារ៉ា




































