សៀមរាបៈ គណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន និងទីក្រុងហុងកុង ប្រមាណជាង ៣០០ រូប លើកទី៦ បានបើកកិច្ចប្រជុំ ស្តីពីអស៊ានហុងកុង ចិន នៅក្នុងទឹកដីមហាអង្គរដ៏បឋរ ក្នុងសណ្ឋាគារអប្សរាផាឡេស ស្តីពីពាណិជ្ជកម្ម និង ការសម្រួលក្នុងផ្លូវច្បាប់ ក្នុងតំបន់អាស៊ាន នៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ឯកឧត្តម វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាកម្ពុជា ជាអធិបតីភាព ក្នុងឱកាសនៃការបើកកិច្ចប្រជុំ ដឹកនាំដោយ លោក រ៉នណារ៉ុង ភូលពីផាត អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មថៃ និង លោកស្រី វីងគី សូ អគ្គនាយករងពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមទិន្នន័យរបស់នាយកដ្ឋានជំរឿននិងស្ថិតិហុងកុងបានបង្ហាញថា ពាណិជ្ជកម្មរវាងហុងកុង ជាមួយអាស៊ាននៅឆ្នាំ២០១៤ មានតម្លៃប្រមាណ១០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា ៩.៨% ធៀបនឹងឆ្នាំ២០១៣ ដែលមានតម្លៃត្រឹម ៩៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងហុងកុង ទទួលបានអត្ថប្រយោជន៍ជាច្រើននិងមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ានពីពាណិជ្ជកម្មសេវា និងការវិនិយោគប៉ុណ្ណោះទេ តែវាក៏បានរួមចំណែកក្នុងការបង្កើននូវការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន និងប្រទេសចិនផងដែរ ដោយហេតុថា ទីក្រុងហុងកុង គឺជាច្រកយ៉ាងសំខាន់មួយ សម្រាប់ភាពរីកចម្រើននៃពាណិជ្ជកម្មអាស៊ានជាមួយចិន និងពាណិជ្ជកម្មជាមួយហុងកុង។
អាស៊ានកំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយនៅពេលអនាគត នៅក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ាន ដោយសារហុងកុងគឺជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហុងកុងអាចចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ហុងកុងចូលរួមដំណើរការសមាហរណកម្មរបស់អាស៊ាន។
ទ្វេភាគីពាណិជ្ជកម្មរវាងកម្ពុជានិងហុងកុងនៅតែមានភាពរឹងមាំ ដោយយោងតាមទិន្នន័យរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងនៅក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក ដែលមានកំណើនក្នុងអត្រា ២៣% ធៀបនឹងឆ្នាំកន្លងទៅ ដែលមានតម្លៃត្រឹមតែ ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅក្នុងអាស៊ាន កម្ពុជាមានបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនថែមទៀត កម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរពីឧស្សាហកម្មដែលពឹងផ្អែកលើថ្លៃកម្លាំងពលកម្មថោក ដើម្បីជំរុញបង្កើនផលិតផល និងប្រសិទ្ធភាពឲ្យកាន់តែប្រសើរ តាម រយៈការបង្កើនកម្រិតពលកម្មជំនាញរបស់ខ្លួន។ បំលាស់ប្តូរនេះនឹងជួយដល់ការលុបបំបាត់ភាពតានតឹង និងវិសមភាពក្នុងសង្គម ម្យ៉ាងទៀត ដោយហុងកុងជាទីក្រុងដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ី ជាពិសេសខាងផ្នែកអប់រំ និងចំណេះដឹង ដូច្នេះ ហុងកុងអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសជាសមាជិកអាស៊ានក្នុងដំណើរការផ្លាស់ប្តូរនេះ។
កិច្ចប្រជុំនេះបានកត់សម្គាល់ និងបានកោតសរសើចំពោះភាពជឿនលឿននៃកិច្ចចរចារ របស់ក្រុមការងារពាក់ព័ន្ធរួមមាន ក្រុមការងារពាណិជ្ជកម្មទំនិញ ក្រុមការងារពាណិជ្ជកម្មសេវាកម្ម ក្រុមការងារ វិនិយោគ ក្រុមការងារវិធានប្រភពដើមទំនិញ ក្រុមការងារស្តង់ដារ បទបញ្ញត្តិបច្ចេកទេស និងអនុលោមភាព ក្រុមការងារវិធានអនាម័យ និងភូតគាមអនាម័យ ក្រុមការងារនីតិវិធីគយ និងសម្រួលពាណិជ្ជកម្ម និងក្រុមការងារបញ្ហាច្បាប់ និងស្ថាប័ន ។
កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញារបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងគោលដៅធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាននិងមន្ត្រីអាស៊ានហុងកុង បានបង្ហាញនៅឆន្ទៈជាថ្មីរបស់ខ្លួន ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៅចុងឆ្នាំ២០១៦ កិច្ចប្រជុំប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្មអាស៊ាន-ហុងកុង ។
ដោយ ប៊ុន រដ្ឋា





































