( រូបភាពវីដេអូ )គណបក្សកុងក្រេសដែលកាន់អំណាចចាប់តាំងពី ១០ឆ្នាំមកហើយនៅឥណ្ឌា កាលពីថ្ងៃទី១៦ ឧសភា បានទទួលស្គាល់ពីបរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោតសភា ដែលកំណត់ពីជោគជ័យយ៉ាងធំធេងរបស់គណបក្សជាតិនិយមហិណ្ឌូ BHARATIYA JANATA PARTY (BJP) របស់លោកណារេនដ្រាម៉ូឌី ។ នៅមុខក្រុមអ្នកកាសែត ឯទីស្នាក់ការគណបក្ស លោករ៉ាហ្ស៊ីវ ស៊ូក្លា អ្នកនាំពាក្យ និងជាមេដឹកនាំគណបក្សកុងក្រេសនិយាយថា យើងទទួលយកបរាជ័យនេះ ។ យើងត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំង ។មេដឹកនាំជាតិនិយមហិណ្ឌូ លោកណារេនដ្រា ម៉ូឌី ត្រៀមឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីឥណ្ឌា ក្រោយគណបក្សលោកទទួលបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា ។
ក្នុងការរាប់សន្លឹកឆ្នោតនាថ្ងៃទី១៦ ឧសភា គណបក្ស BJP និងបណ្តាសម្ព័ន្ធមិត្តមានសំឡេងនាំមុខដោយទទួលបានកៅអី២៨១ ក្នុងចំណោមកៅអីទាំង៥៤៣ របស់សភាឥណ្ឌា ខណៈសំឡេងត្រូវការចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាលថ្មីមួយ គឺត្រឹមតែ២៧២កៅអីបុ៉ណ្ណោះ ។លោកម៉ូឌី អាយុ៦៣ឆ្នាំ ជាបេក្ខជននាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេដែលឈ្នះឆ្នោតក្នុងទីក្រុង វ៉ារ៉ាណាស៊ី ឬបេណារេសជាទីក្រុងសក្ការៈហិណ្ឌូ។