ខេត្តរតនគិរី៖ ផ្សារក្រុងបានលុងជាដែនវិនិយោគរបស់ក្រុមហ៊ុនហេង ដារ៉ា ដែលបច្ចុប្បន្ននាយកក្រុមហ៊ុនបានតែងតាំងអោយលោកជាម សុផាត ជាគណកម្មការគ្រប់គ្រងផ្សារ សព្វថ្ងៃនេះការគ្រប់គ្រងរបស់លោកជាម សុផាត ហាក់បីដូចជាមានឥទ្ធិពលខ្លាំងដោយមានក្រុមសន្តិសុខ និងមនុស្សមួយក្រុមដែលគេមិនដឹងថាមានតួនាទីជាអ្វីនោះមានការការពារយ៉ាងតឹងតែងលើសពីអ្នកដែលអ្នកដែលស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខផ្សារទៀតផង។
ជាក់ស្តែងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទីព្រឹកកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងចុះស្រង់ស្ថិតិចំនួនតូបលក់គ្រឿងអលង្កា ឫវត្ថុដែលមានតម្លៃរបស់អាជីវករនៅក្នុងផ្សារ ដើម្បីងាយស្រួលការពារសុវត្ថិភាពសន្តិសុខ និងទំនាក់ទំនងលេខទូរស័ព្ទរវាងអាជីវករ និងសមត្ថកិច្ចមូលដ្ឋាន។ ប៉ុន្តែខណៈពេលដែលអ្នកសារព័ត៌មានកុំពេញបំពេញបេសកម្មរបស់ខ្លួន ត្រូវបានកម្លាំងសន្តិសុខផ្សារចំនួន៤រូបដែលស្លៀកជាសន្តិសុខព្រមទាំងពាក់ម៉ាស់គ្រប់ៗគ្នាហាក់បីដូចខ្លាចគេស្គាល់មុខពួកគេ ក្រុមសន្តិសុខទាំងនេះបានមករាលរាំងនៅការផ្តិតរូបភាពអ្នកសារព័ត៌មានដែលសមត្ថកិច្ចចុះធ្វើការ មិនតែប៉ុណ្ណោះមានមនុស្សមួយក្រុមទៀតមានឯកសណ្ឋានស៊ីវិលបានតាមចោមរោម អ្នកសារព័ត៌មាននិងមានពាក្យជេរប្រមាថអូសដៃអ្នកសារព័ត៌មានអោយចូលទីស្នាក់ការផ្សារ។
ក្រុមសន្តិសុខបានប្រាប់អ្នកសារព័ត៌មានថាបើចង់ចូលផ្សារលុះត្រាតែមានការអនុញ្ញាតពីគណកម្មការផ្សារព្រោះថាកន្លែងក្នុងផ្សារនេះគឺជាផ្ទះរបស់ពួកគេ។ ចំពោះលោកជាម សុផាត ពោលពាក្យថាដែននេះជាដែនរបស់គាត់មិនអាចបណ្តោយអោយក្រុមអ្នកសារព័ត៌មានចូលទៅដោយគ្មានការអនុញ្ញាតនោះទេ ហើយគាត់និយាយបន្តទៀតថាអ្នកសារព័ត៌មាននិយាយពាក្យញ៉ួសញ៉ុងមិនពិត ថែមទាំងបានជេរប្រមាថមាក់ងាយដល់អ្នកសារព័ត៌មានយ៉ាងធ្ងន់ៗ។
ចំណែកលោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី១២ខែមិនានេះថាបើអ្នកសារព័ត៌មានចូលយកសកម្មភាពសូមប្រយ័ត្នខ្លួនឯងផង ហើយកុំចូលទៅម្នាក់ឯងខ្លាចមានបញ្ហាជាមួយក្រុមសន្តិសុខផ្សារ ពីព្រោះថាកន្លែងផ្សារនោះស្ទើរក្លាយជាតំបន់អប្បគមន៍ទៅហើយ សូម្បីតែអាជ្ញាធរចង់ធ្វើអ្វីក៏មានការស្មុកស្មាញផងដែរ។
ដោយឡែកលោកឧកញ៉ាសា លាង នាយកក្រុមហ៊ុនហេង ដារ៉ា វិនិយោគផ្សារបានលុងបានអោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២នេះថា បញ្ហានេះបន្ទាប់ពីលោកបានប្រជុំរួច សម្រាប់អ្នកសារព័ត៌មានមិនមានជាបញ្ហាអ្វីនោះទេចំពោះការចូលយកព័ត៌មាននៅក្នុងផ្សារ ប៉ុន្តែបើចូលទៅត្រូវជំរាបគណ:កម្មការគ្រប់គ្រងផ្សារជាមុនសិនដើម្បីធានាសន្តិសុខដល់ក្រុមអ្នកសារព័ត៌មាន៕ ដោយ៖យក្ស ឡោម




































