ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រហែលជិត១០នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃគ្រប់ដៃបានមកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានម្នាក់បានសម្រេច និងបានធ្វើឲ្យជនរងគ្រោះរងរបួសខ្នងថែមទៀត បន្ទាប់ពីរូបគេជិះម៉ូតូទៅជួបសង្សារ កាលពីវេលាម៉ោង៦នឹង៥០នាទីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សី ។
ជនរងគ្រោះមានឈ្មោះ គឹម ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់សែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមការសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូគុប ជ្រុង៧០ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AV-2513 ជិះចេញពីផ្ទះបំណងទៅជួបសង្សារនៅសង្កាត់ច្រាំងចំរេះទី១ តែពេលមកដល់ចំណុចកើតេហតុមិនទាន់បានទៅជួបស្រីស្នេហ៍ផងនោះ ស្រាប់តែមានជនសង្ស័យជិត១០នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃ បានជិះមកកាកពីមុខឱ្យឈប់ និងបានកាប់មកលើរូបគេត្រូវ២ដាវ បណ្តាលឱ្យរងរបួសខ្នង ហើយពួកគេបានលើម៉ូតូយកទៅបាត់ ។ ភ្លាមនោះជនរងគ្រោះបានរត់ឱ្យគេជួយបង្កការភ្ញាក់ផ្អើល និងប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ។
ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ជីម ភារ៉ា




































