កំពង់ធំៈ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពងធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងដែលបានមកពីការខិតខំស្វែងរកជំនួយពីសប្បុរសជននិងមួយចំនួនជាថវិការបស់ឯកឧត្តមផ្ទាល់ ជូនដល់លោកយាយ ស សេង អាយុ៨៣ឆ្នាំ ជាជនពិការភ្នែកទាំងពីរ រស់នៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ លោកយាយ ស សេង ជាជនពិការភ្នែកទាំងពីរ បានទទួលផ្ទះមួយខ្នង ដែលមានទំហំ ៣,៥០x២,៥០ ម៉ែត្របានសាងសង់រួចរាល់ ធ្វើអំពីឈើ ប្រកសង្ខសី រួមជាមួយនឹង គ្រឿងឧបភោគបរិភោគ រួមមាន នូវអង្ករ២៥គីឡូក្រាម មីយើង ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិការ១០ម៉ឺនរៀលផងដែរ។
ក្នុងឳកាសនោះឯកឧត្តម សោម ស៊ុន បានថ្វាយបង្គំថ្លែងអំណរគុណព្រះ តេជគុណ ជ័រ សុចាយ ព្រះចៅអធិការវត្តដួងសូរិយា ហៅក្តីដូង ដែលបានឧបត្ថម្ភបច្ច័យ១០០$ និងលោកវរៈសេនីយ៍ឯក ឯក វិរៈ មេបញ្ជាការរងដែលបានជួយឈើ១ ម៉ែត្រគូបសម្រាប់សាងសង់ផ្ទះលោកយាយទុរគត់ជន លោក ប៉ែន វណ្ណឌឿនមេឃុំព្នៅ លោក យ៉េត ហុន មេបញ្ចាការផ្នែកសឹករង សន្ទុកព្រមទាំងមន្ត្រីក្រោមឳវាទដែលបានពុះពារ ស្វាសស្វែងរកការឧបត្ថម្ភ ពីសប្បុរជន និងកម្លាំងជួយសាងសង់រហូតបានរួចរាល់ និងប្រគល់ជូនលោកយាយនៅថ្ងៃនេះ។
ក្នុងឳកាសនោះឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ខ្ញុំមានអារម្មណ៏រីករាយនិងជ្រះថ្លា ដោយបានសម្រេចជោគជ័យក្នុងការកសាងជម្រកស្នាក់នៅជូនលោកយាយ ស សេង ជាជនពិការភ្នែកទាំងសងខាង ហើយគ្មានកូនចៅថែទាំ ខ្ញុំគិតថា ទោះបីភ្នែកគាត់មើលមិនឃើញផ្ទះថ្មី តែបេះដូងគាត់មើលឃើញ និងរូបកាយគាត់បានសម្រាកលើជម្រកផ្ទះថ្មីនេះដោយសុខសាន្ត ព្រោះពីមុនគាត់បាននិយាយថាពេលភ្លៀងម្តងៗគាត់ត្រូវអង្គុយសំកុកក្រោមដំណក់ទឹកភ្លៀង ក្រោមដំបូលធ្លុះធ្លាយ ជាមួយនឹងរនៀបប្រហោង ក្នុងខ្ទមកំសត់ដោយសម្រក់ទឹកភ្នែកហូរប្រជែងជាមួយគ្រាប់ភ្លៀងតែម្នាក់ឯង ក្នុងក្តីរងាឯកកោម្នាក់ឯង រួមជាមួយនឹងភ្នែក ងងឹតសូន្យសុង ។ដោយ ប៊ុន រដ្ឋា






































