ភ្នំពេញៈ បុរសម្នាក់ស្រវឹងបើករថយន្ដឡិចសីុសRX330មួយគ្រឿងក្នុងល្បឿនលឿនចុះពីស្ពានជ្រោយចង្វាជ្រុលទៅបុកឃឿនរង្វង់មូលត្រើយខាងកើតបណ្ដាលអោយរងការខូចខាតនិងរថយន្ដដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វាត្រើយខាងកើត ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក ឡិចសីុសRX330 ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2AC-3670 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីស្ពានជ្រោយចង្វាចាស់មិនបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនរង្វង់មូលពេញទំហឹងបណ្ដាលរងកាតខូចខាត ចំណែករថយន្ដដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។
ប្រភពដដែលបានបន្តថាក្រោយពីកើហេតុម្ចាស់រថយន្ដបង្កត្រូវបានសមត្ថកិច្ចដែលប្រចាំការនៅគល់ស្ពានធ្វើកាឃាត់ខ្លួន និងបានទំនាក់ទំនងទៅជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដទៅរក្សាទុកនៅការយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕ជីម ភារ៉ា




































