ភ្នំពេញ៖ប្រជាពលរដ្ឋ២គ្រួសារដែលមានរឿងទំនាស់ដីឡូត៍ដ៍រ៉ាំរ៉ៃមួយកន្លែងរវាងក្រុមហ៊ុនសុខាអូតែល ស្ថិតត្រង់ចំណុច ខាងជើងជាប់អូតែលសុខា ក្នុងសួនជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម៩ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបញ្ចេញប្រតិកម្មភ្លាម ៗ និងស្នើរសុំអង្វរកយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយអន្តរាគមន៍ផ្ដល់ភាព សុក្រិដ្ឋនិងយុត្តិធម៌ដល់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ផងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីការរក្សាការពារលើដីរបស់ពួកគាត់ដែលកាន់កាប់ជាយូមកហើយនោះ ដោយតម្រូវឲ្យភាគីខាងក្រុមហ៊ុនសុខាអូតែល ធ្វើរបងព័ទ្ធជុំវិញដីធ្លីរបស់ពួកគាត់ទៅវិញ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសុខាអូតែលកំពុងប្រឈមបន្តដោះស្រាយបញ្ហាដីធ្លីមួយកន្លែងនេះនៅស្ថាប័នតុលាការដោយពុំទាន់មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់ជាប្រជាពលរដ្ឋដែលបានកាន់កាប់រក្សាដីមួយកន្លែងនេះជាយូឆ្នាំណាស់មកហើយនោះទេ ។
អ៊ុស្រី នាង សាឡី មានវ័យ៦៨ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែល រស់នៅមូលដ្ឋានភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ និងជាម្ចាស់ដីទំនាស់ខាងលើបានរៀបរាប់ប្រាប់ ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ា ទាំងទឹកភ្នែករលីងរលោងថា ដីរបស់គាត់មានទំហំ១៦៤០ម៉ែត្រការ៉េនិងមានព្រំប្រទល់ខាងជើងទល់និងដីរបស់ឈ្មោះជុងចែប៊ួយ ខាងត្បូងទល់និងដីរបស់ឈ្មោះម៉ែអាវីន ខាងកើតទល់និងចំណីផ្លូវលំ ខាងលិចទល់និងដីរបស់ឈ្មោះជុងចែប៊ួយនិងត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ដោយមានលិខិតបញ្ជាក់ពីប្រវត្តដីត្រឹមត្រូវច្បាស់លាស់និងបានកាន់កាប់ប្រើប្រាស់ដីធ្លីមួយកន្លែងនេះតាំងពីឆ្នាំ១៩៧៩រហូតមកទល់បច្ចុប្បន្នដីរបស់គាត់ក៍មានហាងឆេងក្នុងមួយម៉ែត្រការ៉េតម្លៃ២៥០០$ទៅ៣០០០$ឯណោះ ស្រាប់តែក្រុមហ៊ុនសុខាអូតែលបានធ្វើរបង ព័ទ្ធជុំវិញដីរបស់ពួកគាត់រួចឲ្យតម្លៃត្រឹមតែ១០០$ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េទើបធ្វើឲ្យពួកគាត់មិនអាចទទួលយកបានព្រមទាំងសម្រេចចិតដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំផ្ដល់ភាពយុត្តិធម៌។អ៊ុស្រី នាង សាឡី បានប្រាប់ទៀតថា ខណៈដែលកំពុងដោះស្រាយគ្នានៅស្ថាប័នតុលាការពុំទាន់មានដំណោះស្រាយណាមួយសមស្របផង ស្រាប់តែសាលាដំបូងរាជធានីភ្នំពេញបានចេញដីការរក្សាការពារមួយច្បាប់ចុះថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៦ថ្មីៗនេះ ដោយតម្រូវឲ្យក្រុមហ៊ុនអូតែលសុខាធ្វើរបងបង្ហើយប្រវែង៣០ម៉ែត្រទៅលើដីដែលកំពុងទំនាស់ទៅវិញ វាអយុត្តិធម៌ចំ ពោះពួកគាត់ខ្លាំងណាស់ ។
ចំណែកអ៊ុស្រីម្នាក់ទៀតឈ្មោះនាង លន មានវ័យ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជាម្ចាស់ដីទំនាស់ម្នាក់ ក៍បានលើកឡើងស្រដៀងគ្នាដែរថា ដីរបស់គាត់មានទំហំ១៩០០ម៉ែត្រការ៉េ ដោយខាងជើងទល់និងដីរបស់ឈ្មោះតាឈុំ ខាងត្បូងទល់និងដីរបស់ឈ្មោះមីលុច ខាងកើតទល់និងដីរបស់ឈ្មោះខៀវ សំម៉ាណា ខាងលិចទល់និងច្រាំងទន្លេ ដែលត្រូវបានអាជ្ញាធរថ្នាក់មូលដ្ឋានទទួលស្គាល់ថាបានកាន់កាប់ប្រើប្រាស់ដីធ្លីមួយកន្លែងនេះតាំងពីឆ្នាំ១៩៧៩រហូតមកទល់បច្ចុប្បន្ននៅមានទំនាស់ដ៍រ៉ាំរ៉ៃនៅតុលាការដែលមិនអាចមានដំណោះស្រាយណាមួយសមស្របសម្រាប់ពួកគាត់ឡើយ។ដោយឡែកក្នុងនាមពួកគាត់ជាម្ចាស់ដីដែលបានកាន់កាប់ប្រើប្រាស់ដីធ្លីមួយកន្លែងនេះជាយូលង់ណាស់មកហើយនោះបានស្នើរសុំឲ្យមានដំណោះស្រាយសមស្របដោយក្នុងមួយម៉ែត្រការ៉េត្រឹម៥០០$ប៉ុណ្ណោះដោយស្ថិតស្តង់ដាត្រូវបង់ពន្ធអាករចូលរដ្ឋខណៈបច្ចុប្បន្នហាងឆេងដីនេះមានតម្លៃចាប់ពី២៥០០$ទៅ៣០០០$ក្នុងមួយម៉ែត្រការ៉េឯណោះផ្ទុយទៅវិញក្រុមហ៊ុនអូតែលសុខាក្រោយពីធ្វើរបងព័ទ្ធជុំវិញដីរបស់ពួកគាត់ហើយនោះបែជាឲ្យតម្លៃដីរបស់ពួកគាត់ត្រឹមតែ១០០$ទៅវិញវាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។
ដូចនេះពួកគាត់ទាំង២គ្រួសារដែលជាអ្នកកាន់កាប់ដីស្របច្បាប់ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់មានឯកសារត្រឹមត្រូវគ្មានសង្ឃឹមអ្វីក្រៅពីអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងស្នើរសុំឲ្យស្ថាប័នតុលាការជួយផ្ដល់ភាពយុត្តិធម៌ និងជាពិសេសេទៅទៀតនោះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំកំពូលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកភាពយុត្តិធម៌សម្រាប់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ផង។ជាចុងក្រោយអ៊ុស្រីទាំង២គ្រួសារបានស្នើរសុំស្រុះគ្នាថាគាត់គ្មានចង់បានអ្វីក្រៅពីដំណោះស្រាយសមស្របនោះទេដោយតម្លៃដីក្នុងមួយម៉ែត្រការ៉េគិតត្រឹម៥០០$ប៉ុណ្ណោះប៉ុន្តែភាគីខាងក្រុមហ៊ុនអូតែលសុខាមិនរកដំណោះស្រាយសមស្របឡើយដោយព្យាយាមគេចវេសជាបន្តបន្ទាប់។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ា នៅពុំទំនាក់ទំនងសុំការបំភ្លឺពីតំណាងរបស់ក្រុមហ៊ុនអូតែលសុខាបាននៅឡើយទេ ។ ហាស់ កំសាន្ដ




































