កំពង់ធំៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាស៍សង្កត់ធ្ងន់ទៅលើ មន្ទីរសង្គមកិច្ចកន្លង មិនមិនបានយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន បណ្តាលឲ្យបើកប្រាក់ខែមិនគ្រប់ចំនួន និងមានការយឺតយាវ រួមទាំងបើកប្រាក់មរណៈសង្គ្រោះដល់គ្រួសារសព ព្រមទាំងជម្រុញឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់អតីតយុទ្ធជន បញ្ជូលក្នុងសមាគមន៍ ដើម្បីបើកប្រាក់បេឡាមរណៈសង្គ្រោះឲ្យបានទាន់ពេលវេលា ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៦ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា ចំនួនអតីត យុទ្ធជនគ្រប់ប្រភេទ ដែលកំពុងតែទទួលរបបឧបត្ថម្ភនៅក្នុងខេត្តកំពង់ធំ មាន៣៤៥៥នាក់ ក្នុងនោះមានជន ពិការ១៤៣៦នាក់ ជនពលីមរណៈ១២៨១នាក់ និវត្តជន ៦០៨នាក់ បាត់បង់សមត្ថភាពការងារ១៧០នាកអតីតយុទ្ធជនដែលបានចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ៣១៦១នាក់ ក្រោយពីបានចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនជួបការលំបាកខ្លាំងគឺ គ្មានដីសាងសង់លំនៅដ្ឋាន២៦៦នាក់ គ្មានជម្រកស្នាក់នៅ ២៨៤នាក់ គ្មានដីសម្រាប់អាស្រ័យផល ៤៣១នាក់ ការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានផ្ទះសំបែង បានចំនួន ៣ខ្នងផ្ទះ នៅឃុំកំពង់គោ ឃុំប្រាសាទ និងសង្កាត់អូគន្ធរ សរុបថវិការ១៦.៩២២.៤០០រៀល និងបានចុះសួរសុខទុក្ខអតីតយុទ្ធជន៣៩នាក់ គ្រួសារទ័ព៣២នាក់ គ្រួសារចាស់ជរា និងទុរគត់ជន ០៥នាក់ ព្រមទាំងបាននាំយកអំណោយចែកជូនផងដែរ។
បន្ទាប់ពីប្រធានសមាគមអតីតយុទ្ធជនតាមបណ្តាស្រុករាយការពីសកម្មភាពការងាររួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ និងជាអគ្គលេខាធិការ សមាគម បានមាន ប្រសាសន៍ថា អាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសមាគមន អតីតយុទ្ធជនកម្ពុជាឲ្យខ្លាំងបំផុត មិនអាចមើលរំលងបានទេ គណៈពេលប្រជុំពេញអង្គ ត្រូវចាំបាច់ឲ្យមាន សមាជិកក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្តចូលរួម ត្រូវផ្តោតសារៈសំខាន់មកលើសមាគម ហើយមិនត្រូវមើលងាយសមាគមន៍នោះទេ ព្រោះសមាគមនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ហើយអតីតយុទ្ធជនកម្ពុជាគឺជាបេះដូងរបស់គណបក្សប្រជាជនកម្ពុជា កន្លងមកសង្គមកិច្ចភេ្លចគេរហូតដល់៧ទៅ៨ឆ្នាំ អ្នកខ្លះបានមកសុំទោសថា ការបោះឆ្នោតឲ្យបក្សដ៏ទៃនេះ គឺគ្រាន់តែជាការព្រមានទេ ព្រោះរដ្ឋាភិបាលភ្លេចពួកគាត់ ដូច្នេះមិនត្រូវបោះបង់គាត់ចោលទេ ចាប់ពីពេលនេះតទៅ អតីតយុទ្ធជនពេលមកប្រជុំ ត្រូវពាក់ស័ក្កពាក់ឯកសណ្ឋាន ដើម្បីរំលឹកនូវអនុស្សាវរីយ៍ឡើងវិញ ។
ក្នុងឳកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់ឧត្តមសេនីយ៍ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ ដែលបានដឹកនាំសមាគមបានល្អ ឯកឧត្តម បានបញ្ជាឲ្យជួយទៅបង្រៀនពីរបៀបកិច្ចការសមាគមអតីតយុទ្ធជនកម្ពុជា ដល់តំបន់សឹករងខេត្តព្រះវិហារ អំពីការងារបច្ចុប្បន្នភាព។

ដោយ ប៊ុន រដ្ឋា



































