ខេត្ដរតនគិរី ៖ ការប្រែប្រួលអាកាស ធាតុបច្ចុប្បន្នធ្វើឱ្យប្រភពទឹកក្នុងអូរធម្មជាតិទឹកបឹង និងទន្លេនៅខេត្ដរតនគិរី កាន់តែខ្សត់ខ្សោយទឹកខុសធម្មតា ។ ក្រុម ហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្ដរតនគិរីកំពុង ត្រៀមលក្ខណៈបង្កើតអាងស្ដុកទឹកបន្ថែមទៀតបង្ការខ្លាចខ្វះទឹកចែកចាយដល់ប្រជាពលរដ្ឋ ប្រើប្រាស់ ។
ប្រជាពលរដ្ឋរស់នៅខេត្ដរតនគិរីព្រួយបារម្ភណ៍ខ្វះទឹកប្រើប្រាស់នៅចុងរដូវប្រាំងនេះ ដោយ សារតែបរិមាណទឹកអណ្ដូងនិងទឹកអូរធម្មជាតិដែលអ្នកភូមិប្រើប្រាស់កាន់តែរីង ហួត ។
បច្ចុប្បន្នជាង៥០ភាគរយនៃប្រជា ពលរដ្ឋជាង១៦ម៉ឺននាក់រស់នៅក្រុងបានលុងប្រើប្រាស់ទឹកអណ្ដូងជីកជម្រៅពី ២៥ទៅ៣២ម៉ែត្រ ខ្លះទៀតប្រើប្រាស់ អណ្ដូងខួងជម្រៅលើសពី៨០ម៉ែត្រ ។ ដោយឡែកប្រជាពលរដ្ឋរស់នៅជិត មាត់អូរធម្មជាតិប្រើប្រាស់ទឹកអូរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្រៅពីនេះ ប្រជាពលរដ្ឋប្រមាណ៥០ភាគរយទៀត ប្រើប្រាស់បណ្ដាញទឹកស្អាតផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនតាយសេង ។
ប្រជាពលរដ្ឋរស់នៅភូមិធួយអំពិលអះអាងថា ឆ្នាំនេះទឹកអណ្ដូងដែលប្រើ ប្រាស់រីងហួតផ្ទុយពីឆ្នាំកន្លងទៅ ។ ចំណែក ប្រជាពលរដ្ឋជនជាតិ ដើមភាគតិចព្រៅ ឈ្មោះ សេវ ព័រ ឱ្យដឹងដែរថា ទឹកអណ្ដូង ក្បែរផ្ទះរបស់គាត់ត្រូវរីងអស់ដូចគ្នា ហេតុនេះគ្រួសារគាត់ត្រូវទៅរកទីទំនាបក្បែរស្រែជីកអណ្ដូងថ្មីដើម្បីបានទឹកប្រើ ប្រាស់ ។
អ្នកស្រីបារម្ភថា នៅចុងរដូវ ប្រាំងនេះអណ្ដូងជីកថ្មីទំនង រីងទៀតហេតុ នេះកង្វះទឹកប្រើប្រាស់គឺជាកង្វល់ខណៈ ជីវភាពរស់នៅរបស់អ្នកភូមិកាន់តែថយចុះនៅពេលបច្ចុប្បន្នដោយសារផល កសិកម្មមិនអំណោយផលនិងលក់ក្នុង តម្លៃថោក ។
តួលេខរបស់ក្រុមហ៊ុនទឹកស្អាតតាយសេងក្នុងមួយខែក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកប្រមាណ៦ម៉ឺនម៉ែត្រគូបបម្រើតម្រូវការប្រើប្រាស់របស់អតិថិជនដែលប្រើប្រាស់បណ្ដាញទឹកស្អាតនៅក្នុងក្រុងបានលុង ។
នាយកក្រុមហ៊ុនតាយ សេង លោក លី ហុងស៊ិន ទទួលស្គាល់ដូចគ្នាថា បរិមាណទឹកអូរធម្មជាតិដែលក្រុមហ៊ុន ប្រើប្រាស់សម្រាប់សេវាកម្មទឹកស្អាត កាន់តែថយចុះ ហេតុនេះបញ្ហាប្រឈម ខ្វះទឹកអាចនឹងកើតមានចុងរដូវប្រាំង នេះប្រសិនអាងស្ដុកទឹករបស់ក្រុមហ៊ុន បច្ចុប្បន្នកាន់តែរីងអស់ទឹក ។
លោកអះអាងថាអ្នកប្រើប្រាស់ប្រព័ន្ធទឹកស្អាតបច្ចុប្បន្ននៅមានទឹកប្រើប្រាស់ គ្រប់គ្រាន់នៅឡើយ ។ លើសពីនេះទៀត ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើត អាងស្ដុកទឹកនៅផ្នែកខាងក្រោមអូរបន្ថែមទៀតដើម្បីរក្សាទឹកឱ្យបានច្រើនសម្រាប់បំពេញការប្រើប្រាស់ទឹកនៅរដូវប្រាំង ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដរតនគិរី លោក ចាន់ ប៊ុនធឿន មាន ប្រសាសន៍ថា កង្វះទឹកប្រើប្រាស់នៅក្រុង បានលុងមិនឋិតក្នុងភាពអាសន្ននោះទេ ។ លោកថា មន្ដ្រីធនធានទឹកនឹងចុះពិនិត្យ អាងស្ដុកទឹករបស់ស្ថានីយផលិតទឹក ស្អាតក្រុមហ៊ុនដើម្បីសិក្សាពីលទ្ធភាព ស្ដុកទឹកបំពេញតម្រូវការប្រើប្រាស់នៅ រដូវប្រាំង ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំង ប្រទេសឱ្យប្រុងប្រយ័ត្នប្រើប្រាស់ទឹកដោយសារតែរដូវប្រាំងឆ្នាំនេះអូសបន្លាយរហូតដល់ខែមិថុនា ៕
ដោយ:យក្ស ឡោម




































