ភ្នំពេញ៖លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សីកែវបានឲ្យ ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍ លេខ១១ ដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយបន្តស្រាវជ្រាវមកដល់វេលាព្រឹកថ្ងៃទី២៤ ខែ មិនា ឆ្នាំ ២០១៦នេះ បានពួនស្ទាក់លបឆ្មក់ បង្ក្រាបទីតាំងផ្ដល់ការចែកចាយជួញ ដូរនូវដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនិងឃាត់ខ្លួនជនត្រូវជាប់សង្ស័យម្នាក់ព្រមទាំងរកឃើញថ្នាំញៀនចំនួន២៥កញ្ចប់ដែលជនសង្ស័យរូបនោះបានរក្សាទុកធ្វើសកម្មភាពជួញដូរ។
លោក ម៉ៅ ចាន់ថុន នាយរយរងផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជាពីលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ
ឫស្សីកែវដើម្បីឲ្យកម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្ដិ៍ចាត់វិធានការស្រាវជ្រាវជាបន្តបន្ទាប់មកទល់វេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែ មិនា ឆ្នាំ ២០១៦នេះ ដោយមានការដឹកនាំ
កម្លាំងផ្ទាល់ពីលោក អ៉ីវ ឈុនភេង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវរួមសហការនិងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាកបានសម្រេចបើកប្រតិបត្តិការបង្ក្រាបតែម្ដង ដោយបានឃាត់ខ្លួនជនត្រូវជាប់សង្ស័យម្នាក់និងដកហូតថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់ថង់តូច ដែលជនត្រូវជាប់សង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងនោះកម្លាំងសមត្ថកិច្ចបានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យរួមនិងវត្ថុតាងគ្រឿងញៀនចំនួន២៥កញ្ចប់បាននិងកំពុងឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីរៀបចំកសាងសំនុំបញ្ជូនខ្លួនបន្តទៅស្ថាប័នតុលាការចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕ហាស់ កំសាន្ដ




































